រដ្ឋមន្រ្តីការបរទេសចិន៖ កិច្ចព្រមព្រៀងស្ដារទំនាក់ទំនងអារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ ជំរុញឱ្យមានរលកនៃការផ្សះផ្សាគ្នា
ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា កិច្ចព្រមព្រៀងស្ដារទំនាក់ទំនងឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលសម្រេចឡើងក្រោមការសម្របសម្រួលរបស់ចិន កំពុងជំរុញឱ្យមាន «រលកនៃការផ្សះផ្សារគ្នា» នៅមជ្ឈិមបូព៌ា ហើយបានសន្យាគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងតេអេរ៉ង់លើ «បញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល»។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ លោក វ៉ាង បានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអាទិត្យទី២០ខែសីហា។ នេះបើតាមការរាយការណ៍បន្តរបស់បណ្ដាញព័ត៌មាន Al Jazeera។
លោក វ៉ាង បានប្រាប់លោក Amir-Abdollahian ថា ទីក្រុងប៉េកាំងបានកោតសរសើរចំពោះជំហានថ្មីៗរបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត រួមទាំងការជួបជាមួយព្រះអង្គម្ចាស់ មូហាមាដ ប៊ីន សាលម៉ាន នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីតនៅឯទីក្រុង Jeddah ។
មិនត្រឹមតែប៉ុណ្ណេះ លោក វ៉ាង យី ក៏បានសន្យាថានឹងបន្តគាំទ្របណ្តាប្រទេសនៅមជ្ឈិមបូព៌ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ ដោយការពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនា ការប្រកាន់ខ្ជាប់នូវឯកភាព និងការកែលម្អខ្លួន និងការសម្រេចបាននូវភាពជាអ្នកជិតខាង និងមិត្តភាពល្អ។
គួរបញ្ជាក់ថា ការព្រមព្រៀងគ្នាស្ដារ និងបើកទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលមានចិនជាអ្នកសម្របសម្រួលកាលពីខែមីនា បានសម្រេចឡើងបន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាទាំង២មានទំនាស់ជាមួយគ្នាដ៏ជូរចត់អស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់រងនូវអស្ថិរភាពទៅតាមដែរ រួមមានអ៊ីរ៉ាក់ ស៊ីរី លីបង់ យេម៉ែន និងបារ៉ែន។
មន្ត្រីនៅទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បាននិយាយថា ការធ្លាក់កាន់តែយ៉ាប់យ៉ឺននៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករបស់ប្រទេសទាំងពីរ គឺជាហេតុផលចម្បងមួយ សម្រាប់ការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។
មន្ត្រីអ៊ីរ៉ង់បាននិយាយថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ចង់បញ្ចប់ភាពឯកោផ្នែកនយោបាយ និងសេដ្ឋកិច្ច ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយមើលឃើញទំនាក់ទំនងថ្មីជាមួយអារ៉ាប៊ីសាអូឌីត ថាជាគឺផ្លូវដើម្បីសម្រេចការនោះ។
អារ៉ាប៊ីសាអូឌីតឯណោះវិញ បានបាត់បង់ទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់ ហើយចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដែលបានរក្សាទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។
ចាប់តាំងពីព្រមព្រៀងគ្នាស្ដារទំនាក់ទំនងឡើងវិញមក ប្រទេសទាំង២បានឆ្ពោះទៅរកការបើកបេសកកម្មការទូតឡើងវិញនៅក្នុងប្រទេសនីមួយៗ ហើយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត មូហាមាដ ក៏បានទទួលយកការអញ្ជើញពី លោក Amir-Abdollahian ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់។
ដោយមើលឃើញពីភាពឆ្ពោះទៅមុខនៃទំនាក់ទំនងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Amir-Abdollahian បាននិយាយទៅកាន់លោក វ៉ាង ក្នុងអំឡុងការសន្ទនាកាលពីថ្ងៃអាទិត្យ ថា អ៊ីរ៉ង់ «សម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន សម្រាប់តួនាទីស្ថាបនាក្នុងការលើកកម្ពស់ការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត»។ នេះបើតាម Al Jazeera ។
ជាមួយគ្នានោះ លោក Amir-Abdollahian ក៏បានជម្រាបជូនលោក វ៉ាង ផងដែរ អំពីវឌ្ឍនភាពចុងក្រោយបង្អស់លើកិច្ចពិភាក្សារបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬកិច្ចព្រមព្រៀងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)។
ជុំវិញបញ្ហានេះ ស៊ីនហួបានផ្សាយថា លោក វ៉ាង បានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃ JCPOA ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក លើការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសម្របសម្រួលដោយសហភាពអឺរ៉ុប បានចាប់ផ្តើមនៅទីក្រុងវីយែនកាលពី២ឆ្នាំមុន ប៉ុន្តែនៅតែជាប់គាំងដោយគ្មានសញ្ញាជាសាធារណៈនៃវឌ្ឍនភាពនៅឡើយ៕ ប្រែសម្រួល៖ ហួន ឌីណា