អាជ្ញាធរមីន កំពុងអនុវត្តកម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីននៅក្នុងស្រុកចំនួន ២៥ នៃខេត្តចំនួនបី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា សហការជាមួយនឹងអង្គការដៃគូ បាននិងកំពុងអនុវត្តនូវកម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីន ក្នុងស្រុកចំនួន ២៥ នៃខេត្តចំនួន ដើម្បីឱ្យពួកគាត់រស់នៅក្នុងសេចក្តីសង្ឃឹម និងមានភាពថ្លៃថ្នូរ ព្រមទាំងផ្តល់នូវសម្ភារៈចាំបាច់មួយចំនួនផងដែរ។

ឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានប្រាប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា អាជ្ញាធរមីនកម្ពុជា បានជ្រើសរើសស្រុកចំនួន ២៥ ដែលមាននៅក្នុងចំនួនបី គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តកម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីននេះ ព្រោះខេត្តទាំងនេះមានប្រជាពលរដ្ឋរងគ្រោះដោយសារមីនច្រើនជាងខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា។ កម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីន (Quality of Life Survey: QLS) ត្រូវបានសហការអនុវត្តជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP)ជាដើម និងស្របទៅនឹងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមថ្លែងថា ៖ «យើងប្រមែប្រមូលដៃគូ រួមគ្នាធ្វើ ព្រោះយើងកំពុងបោសសម្អាតគ្រាប់នេះ វាអត់ទាន់អស់ វាគ្រោះថ្នាក់ដល់ប្រជាជន ហើយយើងត្រូវការការធ្វើការអប់រំផ្សព្វផ្សាយ ឱ្យពួកគាត់យល់ដឹង ហើយអ្នកដែលរងគ្រោះ យើងក៏មានការជួយគាត់ឱ្យគាត់រស់នៅថ្លៃថ្នូរដូចគេដូចឯងដែរ។ នេះជាគោលដៅរបស់យើង គោលដៅរបស់សម្តេចតេជោ និងនាយករដ្ឋមន្ត្រីថ្មីនៅពេលខាងមុខនេះផងដែរ»។

ឯកឧត្តម លី ធុជ បានប្រាប់ថា ៖ «កម្មវិធីហ្នឹង យើងបណ្តុះបណ្តាលឱ្យពួកគាត់មានក្តីសង្ឃឹម ដោយខ្លួនគាត់ និងមើលឃើញភាពវិជ្ជមាននៅក្នុងជីវិភាពរស់នៅ នៅក្នុងសង្គម ឱ្យគាត់មានក្តីស្រឡាញ់ចំពោះខ្លួនគាត់ ក្រុមគ្រួសារគាត់ សហគមន៍ និងប្រទេសជាតិ និងឱ្យពួកគាត់ចូលរួមនៅក្នុសង្គមរបស់យើង ក្នុងនាមជាជីតា ជាឪពុកម្តាយ ទោះពួកគាត់ជាជនពិការក៏ដោយ។ ទោះបីពួកគាត់ មិនមានដៃ និងជើងក៏ដោយ។ ប៉ុន្តែពួកគាត់មាននូវក្តីស្រឡាញ់ និងទឹកចិត្តល្អបរិសុទ្ធ»។

ឯកឧត្តម លី ធុជ បញ្ជាក់ទៀតថា ប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន ជាង ៦៥ ០០០ នាក់នៅទូទាំងប្រទេសខណៈ នៅខេត្តចំនួនបីដែលត្រូវបានអនុវត្តកម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីន (Quality of Life Survey: QLS)នេះ មានជនងរងគ្រោះដោយសារមីនច្រើនគេ។

នាយកដ្ឋានសង្គ្រោះជនពិការដោយសារមីននៃអាជ្ញាធរមីន តែងតែចុះតាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យ កម្មវិធីសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីន នៅតាមស្រុកគោលដៅ ដោយជួបប្រជុំជាមួយជនបង្គោលជាបណ្តាញអ្នកស្ម័គ្រចិត្តជនពិការអាជ្ញាធរមីន។

សូមបញ្ជាក់ដែរថា គម្រោងសិក្សាពីគុណតម្លៃជីវិតជនរងគ្រោះដោយសារមីននេះ ទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលផ្តោតលើ២៥ស្រុក ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យនេះ ចាប់តាំងពីឆ្នាំ២០២១ រហូតមក៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner