លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២១ ខែសីហានេះ បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហាន់នីសស្បឺគ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីរដ្ឋធានីប៉េកាំង នៅថ្ងៃទី២១ ខែសីហានេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៥ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងចូហាន់នីសស្បឺគ និងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិកខាងត្បូង។
ទន្ទឹមគ្នា ប្រមុខការទូតមកពីប្រទេសប្រេស៊ីល ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងរុស្ស៊ី ក៏នឹងជួបជុំគ្នាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាពីប្រធានបទ “BRICS និងអាហ្វ្រិក” នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង លោកស្រី ណាឡេឌី ផែនឌើ នៅក្នុងខែនេះ។
សូមបញ្ជាក់ថា ប្រទេសសរុបចំនួន ៦៩ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS រួមទាំងរដ្ឋអាហ្វ្រិកទាំងអស់។ ក្រុមប្រទេស BRICS តំណាងឱ្យ ២៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក និង ៤២ភាគរយនៃចំនួនប្រជាជនលើពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

