អ៊ីរ៉ង់សម្ញែងយន្តហោះដ្រូនប្រយុទ្ធសេរីចុងក្រោយបង្អស់របស់ខ្លួន

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២២ ខែសីហានេះ បានបញ្ចេញយន្តហោះដ្រូនផលិតក្នុងស្រុកសេរីចុងក្រោយបង្អស់របស់ខ្លួន ដែលអាចហោះហើរក្នុងរយៈកម្ពស់ខ្ពស់ និងមានរយៈពេលយូរ បំពាក់ជាមួយនឹងទំនើបកម្មអាវុធ។

យន្តហោះគ្មានមនុស្សបើក ឬដ្រូន មានឈ្មោះថា “Mohajer-10” ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងពិធីមួយក្នុងទីក្រុងតេហេរ៉ង់ ដែលមានការចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី។

យន្តហោះដ្រូនសេរីថ្មីនេះត្រូវបានធ្វើបច្ចុប្បន្នភាពពីសេរីចាស់ “Mohajer-6” ដែលមន្ត្រីអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានលក់ឱ្យរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែអ៊ីរ៉ង់បានបដិសេធ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ យន្តហោះដ្រូនសេរីថ្មីចុងក្រោយនេះ អាចហោះហើរបានចម្ងាយ២,០០០គីឡូម៉ែត្រ ក្នុងរយៈពេលអតិបរមា ២៤ម៉ោង និងក្នុងរយៈកម្ពស់ ៧,០០០ម៉ែត្រ។

វាអាចហោះហើរក្នុងល្បឿនរហូតដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិច និងឆ្លាតវៃដែលបានធ្វើបច្ចុប្បន្នភាព។ យន្តហោះដ្រូននេះដែរ មានសមត្ថភាពផ្ទុកទំនិញរហូតដល់ ៣០០គីឡូក្រាម ដែលអនុញ្ញាតឱ្យវាអាចផ្ទុកគ្រាប់បែក និងគ្រាប់រំសេវគ្រប់ប្រភេទបាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner