លោក ស៊ី អំពាវនាវឱ្យពង្រីកប្លុក BRICS ហើយថា «អនុត្តរភាពគ្មានក្នុង DNA របស់ចិននោះទេ»

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យមានការពង្រីកក្រុមប្រទេសប្រីកស៍ (BRICS) ដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិឱ្យកាន់តែ «ត្រឹមត្រូវ និងប្រកបដោយសមធម៌» ហើយទទូចថា «អនុត្តរភាពគ្មាននៅក្នុង ឌីអិនអេ(DNA) របស់ចិននោះទេ»។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងសុន្ទរកថាមួយ ដែលអានជំនួសដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វេនតៅ(Wang Wentao) ក្នុងវេទិកាធុរកិច្ចប្រ៊ីកស៍នៃកិច្ចប្រជុំកំពូលប្រ៊ីកស៍ ដែលចាប់ផ្ដើមកាលពីថ្ងៃអង្គារ នាទីក្រុងចូហានណែសប៊ឺគ នៃប្រទេសអាហ្វ្រិកខាងត្បូង។ លោក ស៊ី បានអវត្តមានក្នុងវេទិកានោះ។

ក្នុងសុន្ទរកថាដែលអានដោយលោក វ៉ាង (Wang) លោក ស៊ី បានថ្លែងថា ប្រទេសចិនគ្មានបំណងចង់ចូលរួមក្នុងការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ ឬបង្កើតប្លុកដើម្បីប្រឈមមុខដាក់គ្នានោះទេ។

លោកបានបន្ត៖ «ប្រទេសចិនឈរយ៉ាងរឹងមាំលើផ្នែកត្រូវនៃប្រវត្តិសាស្រ្ត ហើយជឿថា ហេតុផលត្រឹមត្រូវមួយគួរតែមានដើម្បីផលប្រយោជន៍រួម»។

មេដឹកនាំចិនដដែល និយាយថា ប្រ៊ីកស៍នឹងបន្តរីកចម្រើន ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។ លោកបន្ថែមថា៖ «ពេលនេះ ការផ្លាស់ប្តូរនៅលើពិភពលោក ក្នុងសម័យរបស់យើង និងក្នុងប្រវត្តិសាស្ត្រកំពុងកើតមានឡើង ក្នុងរបៀបដែលមិនធ្លាប់មានពីមុនមក ដោយនាំសង្គមមនុស្សទៅរកចំណុចសំខាន់មួយ»។

គេមិនដឹងច្បាស់ទេ ពីមូលហេតុដែលលោក ស៊ី បានអវត្តមានក្នុងវេទិកាធុរកិច្ចនៃកិច្ចប្រជុំកំពូលប្រ៊ីកស៍នោះទេ ទោះបីជាលោក បានធ្វើដំណើរទៅអាហ្រ្វិកខាងត្បូងកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃនេះក៏ដោយ។

មេដឹកនាំផ្សេងទៀតរបស់ប្លុកបានចូលរួមថ្លែងលើវេទិកានោះ ដែលរួមមានប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ។ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលរងដីកាចាប់ខ្លួនពីតុលាការអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ក៏មិនបានចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលនាពេលនេះផងដែរ។

យ៉ាងណាមិញ លោក ស៊ី បានជួបជាមួយម្ចាស់ផ្ទះកិច្ចប្រជុំ លោក Ramaphosa ដោយនិយាយថា ទាំងចិន និងអាហ្វ្រិកខាងត្បូង ស្ថិតនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី។

ចិន និងរុស្ស៊ី ដែលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក បានមានបំណងចង់ពង្រីកប្រ៊ីកស៍ ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលត្រួតត្រារបស់លោកខាងលិចលើស្ថាប័ន និងកិច្ចការអន្តរជាតិ។

អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អាហ្សង់ទីន និងអេហ្ស៊ីប ស្ថិតក្នុងចំណោមប្រទេសដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកនេះ។ បច្ចុប្បន្នប្រ៊ីកស៍មានសមាជិកចំនួន៥ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលរួមចំណែកប្រមាណ ៤០ ភាគរយនៃចំនួនប្រជាជនសរុបសកល និងច្រើងជាង១/៤នៃសេដ្ឋកិច្ចពិភពលោក។

យ៉ាងណាមិញ ប្រេស៊ីលជំទាស់នឹងការពង្រីកខ្លួនរបស់ប្លុក ខណៈឥណ្ឌាហាក់មានភាពស្រពិចស្រពិលលើការណ៍នេះ ហើយប្រទេសទាំង២ចង់ផ្ដោតទៅលើការរីកចម្រើនរបស់ប្លុកជាជាងការពង្រីកខ្លួន។

គួរគូសសម្គាល់ថា ក្រៅពីការពង្រីកសមាជិកភាព កិច្ចប្រជុំកំពូលប្រ៊ីកស៍នាពេលនេះ ក៏មានការពិភាក្សាអំពីវិធីជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុផងដែរ ដែលវាស្ថិតនៅក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner