អភិបាលរងខេត្តកំពង់ស្ពឺ៖ ក្រោយការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ គ្រោះថ្នាក់រថយន្តដឹកកម្មករបានថយចុះ

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្តកំពង់ស្ពឺដែលជាសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងអង្គការមូលនិធិបង្ការរបួសអាស៊ី (API) ដែលបានធ្វើការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកបើករថយន្តដឹកកម្មករនិយោជិក បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករមានការថយចុះនៅក្នុងរយៈពេលប្រាំបីខែនៃឆ្នាំ ២០២៣។

នេះបើយោងតាមការលើកឡើងរបស់លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ស្តីពី«ការអនុវត្តល្អនូវគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ» នៅថ្ងៃទី២៣ ខែសីហានេះ។

ក្នុងឱកាសនោះដែរ លោក សរ សុពុត្រា បានសម្តែងនូវក្តីរីករាយ តាមរយៈការសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានធ្វើការបណ្តុះបណ្តាលដល់បងប្អូនដែលជាអ្នកបើករថយន្តដឹកកម្មករ។លោកបន្តថា ក្រោមការសហការនេះ បានបណ្តុះបណ្តាលពួកគាត់អំពីរបៀបបើករថយន្តធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព របៀបការពិនិត្យយានយន្ត គោរពច្បាប់ និងឆៀក ដែលនឹងវិត្តន៍ធ្វើឱ្យកាន់តែប្រសើរឡើងនៅក្នុងការងារសុវត្ថិភាពចរាចរណ៍។

លោកមានប្រសាសន៍ថា ក្រោយពីការបណ្តុះបណ្តាលរយៈពេលប្រាំបីខែឆ្នាំ២០២៣នេះ យើងមានឧប្បត្តិហេតុ តែមួយករណីប៉ុណ្ណោះ ដែលមានក្រឡាប់រថយន្តដឹកកម្មករ ដែលកន្លងមកករណីនេះកើតមានច្រើន»។

បន្ថែមពីនេះលោក សរ សុពុត្រា បញ្ជាក់ថា តាមគោលការណ៍ខេត្តកំពង់ស្ពឺ កំពុងតែរុញរោងចក្រទាំងអស់ឱ្យកៀកជិតផ្ទះប្រជាពលរដ្ឋ ពោលសង់រោងចក្រនៅតំបន់ដាច់ស្រយាល។ លោកថា ៖ «យើងកំពុងព្យាយាមឱ្យរោងចក្រទៅសង់នៅតំបន់ទាំងនោះ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់បងប្អូន កាត់បន្ថយការចំណាយ និងដើម្បីការងារសុវត្ថិភាពចរាចរណ៍»។

បច្ចុប្បន្ននៅខេត្តកំពង់ស្ពឺមានជាង ៣០០រោងចក្រ ដែលមានកម្មករ កម្មការនី កំពុងបម្រើការងាររាប់ម៉ឺននាក់ ខណៈគិតមកត្រឹមខែសីហានេះ ខេត្តកំពង់ស្ពឺនៅខ្វះកម្លាំងពលកម្ម កម្មករជាង១ម៉ឺននាក់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក សរ សុពុត្រា។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានស្នើឱ្យមានការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅទូទាំងកម្ពុជា ខណៈជារៀងរាល់ថ្ងៃ មានកម្មករកម្មការិនីរោងចក្រ រាប់ម៉ឺននាក់ធ្វើដំណើរទៅកាន់រោងចក្រ ហើយប្រឈមចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។

លោកបានថ្លែងថា ៖ «គ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនកម្មករ អាចធ្វើឱ្យសមត្ថភាព និងផលិតភាពនៅកន្លែងធ្វើការរបស់ពួកគេមានការថយចុះ និងធ្វើឱ្យមានការបាត់បង់ផលិតកម្មក្នុងរោងចក្រ ក៏ដូចជាខាតបង់ផ្នែកហិរញ្ញវត្ថុដល់ពួកគេ និងសមាជិកគ្រួសារ»។

លោក គឹម បញ្ញា ក៏បានផ្សព្វផ្សាយពីសេចក្តីសង្ខេបគោលនយោបាយថ្មីមួយ ក្រោមប្រធានបទ «មធ្យោបាយដឹកជញ្ជូននិយោជិតដែលមានសុវត្ថិភាពប្រសើរជាង ជួយសង្រ្គោះជីវិត» ដែលជាការវិនិយោគជាសារវន្តលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ (សម្រាប់កម្មករនិយោជិក) គឺជាការចាំបាច់ណាស់ក្នុងខណៈពេលនេះ។

បើយោងតាម បេឡាជាតិរបបសន្តិសុខសង្គម គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង មានចំនួន ៥៥ ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានក្នុងចំណោមកម្មករនិយោជិកសរុប៕ ដោយ៖ សុខ រក្សា

ads banner