លោក ថាក់ស៊ីន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្មានម៉ោងក្រោយផ្ទេរទៅពន្ធនាគារ បន្ទាប់ពីវិលចូលស្រុកវិញ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់រំលងអធ្រាត្រថ្ងៃអង្គារ ប៉ុន្មានម៉ោងក្រោយផ្ទេរទៅកាន់ពន្ធនាគារបន្ទាប់ពីលោកបានវិញចូលស្រុកវិញថៃវិញក្រោយនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។
នាយកដ្ឋានកែប្រែថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសទីក្រុងបាងកកនៅរំលងអធ្រាត្រចូលថ្ងៃពុធ ដោយសារតែការព្រួយបារម្ភពីសម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងឈាមទាប។
អ្នកនាំពាក្យនាយកដ្ឋាន លោក ស៊ីតធី ស៊ូទីវង់(Sitthi Sutivong )បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «លោក (ថាក់ស៊ីន)មានជំងឺជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសជំងឺបេះដូង ហើយមន្ទីរពេទ្យពន្ធនាគារមិនមានឧបករណ៍ត្រឹមត្រូវដើម្បីមើលថៃ»។ លោកបន្តថា៖ «វេជ្ជបណ្ឌិតបាននិយាយថា ដើម្បីបញ្ចៀសហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវតែបញ្ជូនលោកទៅកាន់មន្ទីរពេទ្យប៉ូលិស»។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ដែលជាមហាសេដ្ឋីថៃ កាន់តំណែងជានាយករដ្ឋមន្ត្រីមុនក្រុមយោធាធ្វើរដ្ឋប្រហារដកតំណែងក្នុងឆ្នាំ ២០០៦ បានធ្វើដំណើរវិញចូលស្រុកវិញកាលពីថ្ងៃព្រឹកថ្ងៃអង្គារ។ តុលាការកំពូល បានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោមបទចោទប្រកាន់ប្រើអំណាចដោយបំពាន និងទំនាស់ផលប្រយោជន៍ផ្សេងៗ ភ្លាមៗបន្ទាប់ពីលោកបានត្រឡប់ចូលស្រុកវិញកាលពីថ្ងៃអង្គារ។
ការណ៍នេះកើតឡើងចំពេលដែលខណៈគណបក្សភឿថៃ ដែលលោក ថាក់ស៊ីន បង្កើតឡើង ត្រៀមរៀបចំបង្កើតរដ្ឋាភិបាលថ្មីជាមួយនឹងសម្ព័ន្ធគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សមានទំនាក់ទំនងជាមួយក្រុមយោធា។
លោក ស្រេថា ថាវីស៊ីន ដែលជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សភឿថៃ ទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាមេដឹកនាំបន្ទាប់ពីសភា កាលពីល្ងាចថ្ងៃអង្គារ និងការត្រាស់បង្គាប់ពីព្រះមហាក្សត្រនៅថ្ងៃពុធនេះ។
ការឡើងកាន់តំណែងកំពូលរបស់លោក ស្រេថា នៃបក្សភឿថា បានបន្ថែមការរំពឹងទុកថា លោក ថាក់ស៊ីន ដែលនៅតែមានឥទ្ធិពលខ្លាំងក្នុងនយោបាយ បានធ្វើកិច្ចព្រមព្រៀងជាមួយគូប្រជែងយោធារបស់លោក ដែលធ្វើឱ្យលោកអាចវិលចូលស្រុកវិញដោយសុវត្ថិភាព ហើយនឹងអាចដោះលែងពីគុកវិញមុនកាលកំណត់នៃការកាត់ទោសរបស់តុលាការកំពូល។
លោក ថាក់ស៊ីន និងបក្សភឿថៃ បានបដិសេធកិច្ចព្រមព្រៀងណាមួយ ខណៈមានការរាយការណ៍ថា លោក ថាក់ស៊ីន អាចនឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រថៃ៕ ប្រែសម្រួល៖ ហួន ឌីណា