កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
ក្រចេះ៖ រដ្ឋបាលជលផលខេត្តក្រចេះបានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ស្ថិតនៅអន្លង់ផ្សោតកាំពី ដែលមានអាយុកាលប្រមាណពីរសប្ដាហ៍។កូនផ្សោតនេះ ជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣នេះ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋបាលជលផលខេត្តក្រចេះប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ ស្ថិតត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសម្បូណ៌ ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ការប្រទះឃើញនេះត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលិសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែសីហាថា វត្តមានកូនផ្សោតទើបកើតថ្មីនេះ វាកើតឡើងពីការខិតខំរួមគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាមួយនឹងក្រសួងកសិកម្ម ហើយនិងរួមមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។
លោកថា ថាការខិតខំប្រឹងប្រែងរួមគ្នានេះ វាពិតជាបានផល និងទទួលបានប្រសិទ្ធពិតមែន ជាពិសេសទៅលើការងារបង្ក្រាបការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម។
លោក សេង ទៀក ថ្លែងថា ៖ «ក្នុងនាមយើងជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះ គឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់នូវក្តីសង្ឃឹម»។
លោកបានឱ្យដឹងទៀត កូនផ្សោតដែលទើបនឹងកើតនេះ គឺជាកូនផ្សោតទី៦ហើយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា រហូតដល់ ខែសីហានេះ។ បើប្រៀបធៀបរយៈពេលដូចគ្នាលើកំណើតកូនផ្សោតក្នុងឆ្នាំ២០២២ កំណត់ត្រាផ្សោតកើតមានការកើនឡើងប្រហែល ២០ភាគរយ ស្របពេលដែលអត្រាស្លាប់មានការថយចុះប្រមាណ ៥៧ភាគរយ។
លោក សេង ទៀក បានបញ្ជាក់ដែរថា ៖ «ដូច្នេះផ្សោតកើតក្នុង២០២២ ចាប់ពីខែមករា រហូតដល់ ខែសីហា មានចំនួន ៥ក្បាល និងស្លាប់ចំនួន ៧ក្បាល ចំណែកផ្សោតកើតក្នុង២០២៣នេះ ចាប់ពីខែមករា រហូតដល់ ខែសីហា មានចំនួន ៦ក្បាល និងស្លាប់ចំនួន ៣ក្បាល»៕ ដោយ៖ ជា សុខនី