កម្ពុជា និងចិន សហការគ្នារៀបចំ «កម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ឆ្នាំ២០២៣»
ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណ: នៃសាកលវិទ្យាល័យគរុកោសល្យហឺណាន ខេត្តហឺណាន សហការគ្នា រៀបចំកម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ក្នុងរយៈពេលប្រាំបីថ្ងៃ នៅខេត្តហឺណាន ប្រទេសចិន។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ថា កម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែសីហា ដែលត្រូវបានរៀបចំឡើងជាលើកទី១ ដែលមានសិស្សនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ានចំនួន១៣នាក់។ក្នុងនោះមានបីនាក់មកពីកម្ពុជា និង សិស្សនិស្សិតមកពីប្រទេសចិន១៧ នាក់។សរុបទាំងអស់៣០នាក់។
លោកបានបញ្ជាក់ថា ៖ «កម្មវិធីបោះជំរំរដូវក្តៅនេះ គឺជាសកម្មភាពជាក់ស្តែងមួយដែលត្រូវបានអនុវត្តក្រោមអនុសារណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យគរុគោសល្យហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងទី១៨ ខែឧសភា ឆ្នាំ២០២៣»។

លោកបានបន្ថែមថា កម្មវិធីបោះជំរំនេះ មានគោលបំណងលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមយុវជនអាស៊ាន-ចិន លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងអាស៊ាន-ចិន តាមរយៈសិល្បៈចម្រុះ ការយល់ដឹងពីអភិបាលកិច្ចល្អ និងការទូត។កម្មវិធីបោះជំរំនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់អនាគតអ្នកដឹកនាំរបស់យើងក្នុងការកសាងបណ្តាញទំនាក់ទំនង ទំនុកចិត្ត និងជាវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងកាន់តែប្រសើរ ការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងមិត្តភាពកាន់តែជិតស្និទ្ធ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិនកាន់តែបោះជំហានទៅមុខ។
នាឱកាសបើកកម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ឆ្នាំ២០២៣ លោក ចាវ យ៉ាង(Zhao Yang) ប្រធាននាយកដ្ឋានផ្លាស់ប្តូរអន្តរជាតិនៃសាកលវិទ្យាល័យ គរុកោសល្យហឺណាន បានលើកឡើងដែរថា ឆ្នាំនេះគឺជាខួប១០០ឆ្នាំនៃសាកលវិទ្យាល័យគរុកោសល្យហឺណាន។

លោកបន្តថា ដោយក្នុងរយៈពេលនេះ សាកលវិទ្យាល័យ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពយូរអង្វែងជាមួយសាកលវិទ្យាល័យជាង ៧០ ដែលនៅសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី បេឡារុស្ស ជប៉ុន កូរ៉េខាងត្បូង និងប្រទេស និងតំបន់ផ្សេងទៀត។
លោក ចាវ យ៉ាង បានបន្ថែម ដើម្បីអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យនយោបាយ និងរដ្ឋបាលសាធារណៈ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា សកម្មភាពនេះគឺជាដំណាក់កាលថ្មីនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃមហាវិទ្យាល័យនយោបាយ និងរដ្ឋបាលសាធារណៈ។
លោកបានថ្លែងថា ៖ «កម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ឆ្នាំ២០២៣ មានសកម្មភាពដ៏សម្បូរបែប និងប្លែកៗ ដែលនឹងបង្ហាញពីទំនៀមទម្លាប់វប្បធម៌ពិសេស និងបេតិកភណ្ឌវប្បធម៌នៃតំបន់ទំនាបកណ្តាល។ នៅក្នុងទឹកដីដ៏រស់រវើកនៃវាលទំនាបកណ្តាល អ្នកបោះជំរុំទាំងអស់នឹងចាប់ផ្តើមដំណើរទេសចរណ៍វប្បធម៌ និងមិត្តភាពរបស់ពួកគេ»។
«ខ្ញុំជឿជាក់ថា តាមរយៈការបោះជំរុំរដូវក្តៅនេះ និងកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យផ្សេងៗ មហាវិទ្យាល័យនយោបាយ និងរដ្ឋបាលសាធារណៈនឹងកាន់តែងាយស្រួលក្នុងការណែនាំការបង្រៀន និងធនធានស្រាវជ្រាវកម្រិតខ្ពស់ពីបណ្តាប្រទេសអាស៊ាន និងលើកកម្ពស់គុណភាពនៃការបង្រៀន និងការស្រាវជ្រាវ»។ លោក ចាវ យ៉ាង បានបញ្ជាក់៕ ដោយ៖ វណ្ណ សុជាតា