ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុកយានអវកាសរបស់ឥណ្ឌាបានចុះចតលើឋានព្រះច័ន្ទដោយជោគជ័យ
ញូវដេលី៖ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ យានអវកាស Chandrayaan-3 ឬ «យានព្រះច័ន្ទ» ជាភាសា Hindi និងសំស្ក្រឹត របស់ឥណ្ឌា បានចុះចតយ៉ាងជោគជ័យ នៅលើឋានព្រះច័ន្ទ។ បេសកកម្មនេះគឺជាបេសកកម្មមួយដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការរុករកនៅលើឋានព្រះច័ន្ទ និងជាការឈរជើងរបស់ឥណ្ឌាក្នុងឋានៈជាមហាអំណាចអវកាស ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយានរបស់រុស្ស៊ីបានធ្លាក់។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលកំពុងគ្រវីទង់ជាតិឥណ្ឌាខណៈពេលមើលការចុះចតនៃយានអវកាសរបស់ខ្លួនពីអាហ្វ្រិកខាងត្បូងជាកន្លែងដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល Brics បាននិយាយថា នេះគឺជាសម្រែកជ័យជម្នះថ្មីដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌា។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីបានទះដៃអបអរសាទរ ឱបគ្នា និងស្រែកហ៊ោ នៅពេលដែលយានអវកាសបានចុះចតបានសម្រេច ខណៈដែលរដ្ឋាភិបាលក៏កំពុងស្វះស្វែង រកវិធានជំរុញការវិនិយោគជុំវិញការបាញ់បង្ហោះលក្ខណៈឯកជន និងអាជីវកម្មដែលទាក់ទងនឹងផ្កាយរណប។
នេះគឺជាការប៉ុនប៉ងលើកទី២របស់ឥណ្ឌាក្នុងការចុះចតយានអវកាសរបស់ខ្លួននៅលើឋានព្រះច័ន្ទហើយវាក៏សម្រេចបានជោគជ័យត្រឹមមួយសប្តាហ៍បន្ទាប់ពីបេសកកម្ម Luna-25 របស់រុស្ស៊ីវបានបរាជ័យ។ បេសកកម្មទី១របស់ប្រទេសឥណ្ឌា បានធ្វើឡើងក្នុងឆ្នាំ ២០១៩ ប៉ុន្តែអ្វីៗត្រូវរងបរាជ័យក្រោយធ្លាក់មុនពេលចុះចត។
លោកស្រី Carla Filotico ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សា SpaceTec Partners បានលើកឡើងថា៖«ការចុះចតនៅលើប៉ូលខាងត្បូង(នៃឋានព្រះច័ន្ទ)ពិតជាអនុញ្ញាតឱ្យឥណ្ឌារុករកប្រសិនបើមានទឹកកក ទឹកនៅលើព្រះច័ន្ទ។ ហើយវាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រមូលទិន្នន័យ និងវិទ្យាសាស្ត្រនៃឋានព្រះច័ន្ទ»។
គួរជម្រាបថា ទីភ្នាក់ងារអវកាសឥណ្ឌា បានបាញ់បង្ហោះរ៉ុក្កែតនេះកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយបានបាញ់ចេញពីកំពង់ផែអវកាសដ៏សំខាន់របស់ប្រទេសក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាផ្ទាល់៕
ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.straitstimes.com/asia/south-asia/in-historic-first-indias-chandrayaan-3-spacecraft-lands-on-moons-south-pole