អ្នករិះគន់លោក ស៊ី ជីនពីង ភៀសខ្លួនពីប្រទេសចិនទៅកាន់កូរ៉េខាងត្បូង តាមម៉ូតូទឹក
ប៉េកាំង៖ ជនជាតិចិនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារពីបទរិះគន់លោក ស៊ី ជីនពីង (Xi Jinping) បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដោយជិះម៉ូតូទឹក ហើយលោកបានចងអូសធុងសាំងពីក្រោយផងដែរ ដើម្បីធានាថានឹងមានសាំងគ្រប់គ្រាន់ ដើម្បីអាចធ្វើដំណើរទៅដល់គោលដៅដ៏សែនឆ្ងាយ។
បុរសរូបនេះត្រូវបានក្រុមសកម្មជនចិនផ្ដល់អត្តសញ្ញាណទៅកាន់កូរ៉េខាងត្បូងថាជាលោក ក្វន ផ្យង (Kwon Pyong) និងមានអាយុ ៣៥ ឆ្នាំ។ លោកត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ បន្ទាប់ពីលោកបានបើកម៉ូតូទឹកនោះទៅជាប់គាំងក្នុងវាលភក់មួយកន្លែងក្បែរទីក្រុងអ៊ីនឆេអន (Incheon)។
ឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងបាននិយាយថា លោក ក្វន បានធ្វើដំណើរដោយម៉ូតូទឹកចេញពីខេត្តសាងដុង (Shandong) ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ។ ឆ្មាំឆ្នេរសមុទ្រដដែលបានឱ្យដឹងថា ក្រុមយោធាកូរ៉េខាងត្បូងបានទាក់ទងទៅកាន់ឆ្មាំឆ្នេរសមុទ្រនៅអ៊ីនឆេអន ភ្លាមៗបន្ទាប់ពីពួកគេបានកត់សម្គាល់ឃើញម៉ូតូទឹកមិនស្គាល់អត្តសញ្ញាណមួយ។
នៅល្ងាចនោះ ក្រុមយោធាកូរ៉េខាងត្បូងក៏បានតាមដានអស់រយៈពេលប្រហែល ៩០ នាទី បន្ទាប់មក ម៉ូតូទឹកនោះហាក់ដូចជាជាប់គាំងនៅលើវាលភក់ ស្ថិតនៅជិតចំណតនាវាទេសចរណ៍អ៊ីនឆេអន។ ដោយឡែក ឆ្មាំសមុទ្រក៏បានទទួលការទាក់ទងពីសេវាសង្គ្រោះបន្ទាន់ផងដែរ ដោយសារតែពួកគេបានទទួលទូរសព្ទសុំជំនួយពីបុរសម្នាក់នោះ។
គួរដឹងដែរថា បុរសជនជាតិចិននោះត្រូវបានយកចេញពីភក់ភ្លាមៗនៅម៉ោង ១០ និង ៣០ នាទីយប់។ ឆ្មាំសមុទ្រម្នាក់បាននិយាយថា គាត់បានពាក់ពោងហែលទឹក និងមួកសុវត្ថិភាព ហើយបានអូសធុងសាំងជាច្រើនធុងដែលគាត់ប្រើដើម្បីចាក់សាំងអំឡុងពេលធ្វើដំណើរ ហើយបានទម្លាក់ធុងទទេរចោលនៅតាមផ្លូវ។
ជាការកត់សម្គាល់ ឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងមិនបានកំណត់អត្តសញ្ញាណបុរសដែលត្រូវបានចាប់ខ្លួននោះទេ ប៉ុន្តែលោក លី ដេសេអូន (Lee Dae-seon) មកពីអង្គការក្រៅរដ្ឋាភិបាលចិនមួយបានប្រាប់សារព័ត៌មាន AFP ថា បុរសនោះគឺជាលោក ក្វន។ លោកត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធដោយប្រមាថអាជ្ញាធររដ្ឋ និងប្រព័ន្ធសង្គមនិយម។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញាបានប្រើប្រាស់ការបង្ហោះតាមអ៊ីនធឺណិតនៅលើបណ្ដាញសង្គមរបស់លោក ក្វន ក៏ដូចជាការស្លៀកពាក់ក្នុងន័យរិះគន់លោក ស៊ី ជីនពីង ជាភស្តុតាងចាប់ខ្លួនលោក។ លោកត្រូវបានកាត់ក្ដីឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ហើយត្រូវបានដោះលែងនៅខែមីនា ឆ្នាំ២០១៨។
ប៉ុន្មានឆ្នាំមុនពេលចាប់ខ្លួន លោក ក្វន បានធ្វើយុទ្ធនាការយ៉ាងសកម្មប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិន ចូលរួមក្នុងសកម្មភាពគាំទ្រមេធាវីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ រិះគន់ដោយបើកចំហចំពោះការសម្លាប់រង្គាលនៅទីលានធានអានមេន (Tiananmen) និងបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចូលរួមការបាតុកម្មតវ៉ានៅឆ្នាំ២០១៤ ផងដែរ។
នៅក្រោមការគ្រប់គ្រងរបស់លោក ស៊ី អាជ្ញាធរចិនបានបង្ក្រាបកាន់តែខ្លាំងឡើងទៅលើអ្នកប្រឆាំង សកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស និងមេធាវីជាដើម។ ក្រុមមនុស្សទាំងនោះតែងតែទទួលរងការហាមឃាត់ដោយអាជ្ញាធរចិន មិនឱ្យពួកគេចាកចេញពីប្រទេសចិននោះទេ។
លោក លី បានប្រាប់ទៅកាន់កាសែត AFP ថា លោក ក្វន បានប្រថុយជីវិតធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីមានគេតាមដានរូបលោកជាច្រើនឆ្នាំ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដោយអាជ្ញាធរចិន។ លោក លី បាននិយាយថា «ឥឡូវនេះគាត់កំពុងគិតមើលសិនថា តើត្រូវដាក់ពាក្យសុំឋានៈជាជនភៀសខ្លួននៅកូរ៉េខាងត្បូង ឬនឹងបន្តដំណើរទៅកាន់ប្រទេសទីបី»៕ ប្រែសម្រួលដោយ៖ ធា សុណា