របាយការណ៍៖ អ្នកក្រីក្រនៅអាស៊ីកើនឡើងជិត ៧០ លាននាក់ ដោយសារវិបត្តិកូរីដ១៩ និងអតិផរណា

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនអាស៊ីដែលរស់នៅក្នុងភាពក្រីក្រខ្លាំង បានកើនឡើងជិត៧០លាននាក់ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងកំណើននៃការចំណាយជាមូលដ្ឋាន ដែលបណ្ដាលមកពីអតិផរណា។ នេះបើតាមការរាយការណ៍របស់រ៉យទ័រ។

របាយការណ៍គូសបញ្ជាក់ថា ប្រជាជនជាង ១៥៥ លាននាក់ ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃទ្វីបអាស៊ីបានរងនូវភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងរហូតដល់ ៦៨ លាននាក់ បើប្រៀបធៀបនឹងចំនួនដែលធនាគារបានប៉ាន់ស្មាន ប្រសិនបើគ្មានវិបត្តិកូវីដ១៩ ទេនោះ។

គួរបញ្ជាក់ថា ភាពក្រីក្រខ្លាំងសំដៅលើការរស់នៅដែលពឹងផ្អែកលើចំណូលតិចជាង ២,១៥ ដុល្លារ/ថ្ងៃ ដោយចំនួននេះ ផ្អែកលើបន្ទាត់ក្រីក្រចេញឆ្នាំ ២០១៧។ នេះបើតាមការកំណត់របស់ធនាគារពិភពលោក។

ADB បាននិយាយក្នុងរបាយការណ៍ថ្មីថា ទោះបីជាមានការរំពឹងទុកពីវឌ្ឍនភាពលើការកាត់បន្ថយភាពក្រីក្រក៏ដោយ ក៏ការប៉ាន់ប្រមាណបង្ហាញថា ៣០,៣ ភាគរយនៃចំនួនប្រជាជនទ្វីបអាស៊ី (ប្រហែល ១,២៦ ប៊ីលាននាក់) នឹងនៅតែរស់នៅដោយពឹងផ្អែកចំណូលចន្លោះពី ៣,៦៥-៦,៨៥ ដុល្លារ/ថ្ងៃ នៅឆ្នាំ ២០៣០ ដែលនេះបង្ហាញថា ពួកគេនៅតែរស់នៅក្នុងស្ថានភាពរងគ្រោះផ្នែកសេដ្ឋកិច្ច។

ដោយមើលឃើញពីបញ្ហានេះ ADB បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវពង្រឹងសុខុមាលភាពសង្គម កែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងចំណោមមធ្យោបាយដោះស្រាយភាពក្រីក្រផ្សេងៗទៀត។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា៖ «តំបន់អាស៊ី និងប៉ាស៊ីហ្វិក កំពុងងើបឡើងវិញជាលំដាប់ពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការកើនឡើងនៃវិបត្តិតម្លៃនៃការរស់នៅ(កំណើននៃការចំណាយជាមូលដ្ឋាន)កំពុងធ្វើឱ្យប៉ះពាល់ ដល់វឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ»។

លោកបន្តថា៖ «តាមរយៈការពង្រឹងបណ្ដាញសុវត្ថិភាពសង្គមសម្រាប់ជនក្រីក្រ និងការជំរុញការវិនិយោគ និងការច្នៃប្រឌិតដែលបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច និងការងារ រដ្ឋាភិបាលក្នុងតំបន់អាចដើរមកលើផ្លូវឆ្ពោះទៅរកគោលដៅវិញបាន»៕ ប្រែសម្រូលដោយ៖ ហួន ឌីណា

ads banner