មន្រ្តី៖ ក្រសួងអប់រំ តែងតែយកចិត្តទុកដាក់ និងពង្រឹងលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ក្រសួងតែងតែយកចិត្តទុកដាក់ និងព ង្រឹងលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស ពិសេសបានដាក់បញ្ចូលមូលដ្ឋានគ្រឹះចរាចរណ៍តាមរយ:កម្មវិធីសិក្សាគោលតាមមុខវិជ្ជាផងដែរ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា និងភាគីកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា»។
លោកមានប្រសាសន៍ថា ៖ «ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ:គណៈកម្មការអន្តរក្រសួងដើម្បីពង្រឹងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាក់ស្តែង ក្រសួងបាននិងបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការដៃគូរៀបចំការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សា តាំងពីឆ្នាំ២០០៤មកម៉្លេះ បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបពីមុនមក»។

សម្រាប់កម្មវិធីសិក្សាកម្រិតមត្តេយ្យកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានបញ្រ្ជាបសញ្ញាណចរាចរណ៍ខ្លះៗដល់កុមារមត្តេយ្យ ហើយចាប់ពីឆ្នាំ២០២២ ក្រសួងអប់រំក៏បានបញ្ចូលមូលដ្ឋានគ្រឹះចរាចរណ៍តាមរយ:កម្មវិធីសិក្សាគោលតាមមុខវិជ្ជាដូចជាឱ្យកុមារស្គាល់សញ្ញាចរាចរណ៍ សញ្ញាភ្លើងចរាចរណ៍ រួមទាំងបទចម្រៀង រឿងនិទាន និងការសន្ទនាពីចរាចរណ៍ជាដើម។ នេះបើតាមលោក រស់ សុវាចាបញ្ជាក់។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ន ខ្លឹមសារក្នុងសៀវភៅបន្ថែមនេះបានបញ្ចូលពេញលេញទៅក្នុងសៀវភៅសិក្សាគោលដែលសិស្សកំពុងរៀនសព្វថ្ងៃពីថ្នាក់ទី១ដល់ថ្នាក់ទី៦រួចហើយ។ ចំណែកឯមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី៩នៅប្រើសៀវភៅបន្ថែម «ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបខ្លះពីមុន។

ចំណែកឯការអប់រំសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់ថ្នាក់ទី១០ដល់១២ ធ្វើឡើងជាវេទិកាផ្សព្វផ្សាយ ដោយសហការជាមួយដៃគូរការងារ។
ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ចំពោះកុមារតូច និងសិស្សានុសិស្ស នៅតាមតំបន់សាលរៀននេះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា មន្ទីរលោកតែងតែអញ្ជើញនាយកនៅតាមគ្រឹះស្ថានសិក្សានានាចូលរួមប្រជុំផ្សព្វផ្សាយ និងណែនាំបន្តទៅកាន់សិស្សានុសិស្សនៅពេលប្រជុំនាពេលគោរពទង់ជាតិ ជាពិសេសឱ្យការពារសុវត្ថិភាពនៅពេលធ្វើដំណើរដោយខ្លួនឯង និងធ្វើដំណើរជាមួយអាណាព្យាបាល។
មិនត្រឹមតែប៉ុណ្ណោះ លោកបានលើកឡើងដែរថា នៅតាមបណ្តាគ្រឹះស្ថានសិក្សានានាក៏បានណែនាំឱ្យសិស្សានុសិស្សបានយល់ពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ផងដែរ ជាពិសេសបានជំរុញឱ្យពួកគាត់ពាក់មួកសុវត្ថិភាព ឱ្យបានគ្រប់គ្នានៅពេលធ្វើដំណើរ ប៉ុន្តែសិស្សខ្លះហាក់មិនសូវបានយកចិត្តទុកដាក់លើបញ្ហានេះនៅឡើយ។
លោកបានបញ្ជាក់ដែរថា ៖ «សាលានៅតាមដងផ្លូវសំខាន់ៗ ដែលមានយានយន្តប្រើប្រាស់ល្បឿនលឿន ដូចជាផ្លូវ ៦អា និងផ្លូវជាតិលលេខ ១ ជាដើមហ្នឹង យើងបានណែនាំឱ្យនាយកសាលារៀបចំការងារ មានគ្រូដឹកនាំ និងក្រុមកាកបាទក្រហម ដាក់ស្លាក់សញ្ញាចរាចរណ៍ បិទដើម្បីឱ្យគាត់អាចឆ្លងផ្លូវ ឬធ្វើដំណើរបាន»។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានលើកឡើងដែរថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្ស និស្សិត និងយុវជន ឬនិយាយបែបម្យ៉ាងទៀតថាការពារអនាគតសសរទ្រូង ជាអ្នកបន្តវេន និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ពីគ្រោះថ្នាក់ចរាចរណ៍ គឺជាការការពារការខាតបង់សម្រាប់ទាំងអស់គ្នា ជាពិសេសការពារការខាតបង់របស់មាតាបិតា អាណាព្យាបាល សហគមន៍ រាជរដ្ឋាភិបាល និងសង្គមទាំងមូល។
លោកបានថ្លែងថា ៖ «ការចូលរួមជាមួយយើងខ្ញុំក្នុងការការពារយុវជន និងសិស្ស-និស្សិតពីហានិភ័យនានា ជាពិសេសពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារសិទ្ធិរស់រានមានជីវិតរបស់ពួកគាត់ ដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប នឹងជួយដល់ពួកគាត់ឱ្យទទួលបាននូវឱកាសពេញលេញក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា»។
សូមរំឮកដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះMoUជាមួយនឹងភាគីកូរ៉េ ដែលនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរអាចមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឯកសារសំណើគម្រោងពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព «នៅតំបន់សាលារៀន ក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំការគាំទ្រជាជំនួយពីរដ្ឋាភិបាលកូរ៉េ»។
គម្រោងនេះនឹងផ្ដោតលើការបណ្ដុះបណ្ដាលកុមារ ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កើតឱ្យមាននូវមជ្ឈមណ្ឌលអប់រំសុវត្ថិភាពចរាចរណ៍ ការបង្កើតឱ្យមានតំបន់សាលារៀន (Safe School Zone) និងការរៀបចំឱ្យមានក្រុមការងារស្ម័គ្រចិត្តចុះជួយលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម៕ ដោយ៖ នាង សុគន្ធា និងគឹម យុត្ថារ៉ូ