យុវជន ១៥១នាក់ ក្នុងចំណោម ៣៤៥នាក់ បានសម្ភាសន៍ជាប់ ក្នុងវេទិកាការងារ
ភ្នំពេញ៖ ក្នុងចំណោមយុវជនអ្នកស្វែងរកការងារធ្វើចំនួន៣៤៥ នាក់ដែលបានចូលរួមដាក់ពាក្យស្វែងរកការងារ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ក្នុងនេះមានយុវជនអ្នកសម្ភាសន៍ជាប់បឋមចំនួន ១៥១នាក់។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់ឱកាសការងារសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ កាលពីថ្ងៃម្សិលម៉ិញ។
កញ្ញា ជាវ មួយគីម មកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ជំនាញវិស្វកម្មអគ្គីសនី ដែលបានសម្ភាសជាប់បឋមនៅក្រុមហ៊ុន DDD មើលឃើញថា វេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ឲ្យបានជួបជាមួយនឹងនិយោជក។ មួយគីម បន្ថែមថា កន្លងមកខ្លួនមិនដែលដឹងថា NEA មានរៀបចំវេទិកាដូចនេះទេ ពេលដែល«ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយក៏ដាក់ពាក្យទៀតសោតក៏មានក៏មានការរង់ចាំយូរដែរ ទំរាំតែគេតែហៅទៅសម្ភាសន៍ ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសដែរ។
កញ្ញា ពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថាជាប់ការងារនៅក្រុមហ៊ុន DDD។
ក្រសួងការងារបានបញ្ជាក់ថា សម្រាប់យុវជន សិស្ស-និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស៕ដោយ៖ម៉ាដេប៉ូ



