ឯកឧត្តម មាស សុភ័ណ្ឌ ត្រូវបានចាត់តាំងជាប្រធាន ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានចាត់តាំងជាប្រធាន ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ។ នេះបើតាមសេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី” ដែលចុះហត្ថលេខាដោយឯកឧត្តម កិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

យោងតាមសេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី” បានបញ្ជាក់ថា៖ ប្រការ១-ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជា សេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។

ប្រការ២-ត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។

ក្នុងសេចក្ដីសម្រេចបានបន្ថែមថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។

ប្រការ៣ -ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចជា៖ សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី, ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី, ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី, ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្តី, រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពី ព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់, បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។

ប្រការ៤-ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន ក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

ប្រការ៤-បទប្បញ្ញតិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner