នាយករដ្ឋមន្ត្រីថៃថ្មី លោក ស្រេតថា ពិភាក្សាពីការបែកបាក់នយោបាយជាមួយអតីតមេរដ្ឋប្រហារលោក ប្រាយុទ្ធ
ថៃ៖ នាយករដ្ឋមន្ត្រីថៃថ្មី លោក ស្រេតថា ថាវីស៊ីន បានពិភាក្សារកដំណោះស្រាយលើការបែកបាក់នយោបាយជាមួយមេរដ្ឋប្រហារនិងមេដឹកនាំថៃចាស់ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ វាជាកិច្ចប្រជុំលើកដំបូងរបស់លោក ស្រេតថាក្នុងនាមជានាយករដ្ឋមន្ត្រី ខណៈលោករៀបចំបង្កើតគណៈរដ្ឋមន្ត្រីពីសម្ព័ន្ធភាពនៃគណបក្សនយោបាយចម្រុះទាំង១១ ដែលបង្កើតឡើងដោយគណបក្សភឿថៃ។
លោក ស្រេតថា បានទទួលការគាំទ្រពីសមាជិកសភាគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ហើយនឹងដឹកនាំក្រុមចម្រុះ ដែលមានការចូលរួមទាំងពីគណបក្សដែលមានការគាំទ្រពីក្រុមយោធា ពោលគឺសត្រូវដែលធ្វើរដ្ឋប្រហាររដ្ឋាភិបាលរបស់គណបក្សភឿថៃនាពេលកន្លងមក ប៉ុន្មានលើកមកហើយ។
បើតាមរ៉យទ័រ កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ពីភាពផុយស្រួយនៅក្នុងនយោបាយថៃ ដោយមានលោក ប្រាយុទ្ធ ដែលជាមេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ ប្រឆាំងនឹងរដ្ឋាភិបាលភឿថៃកាលពីពេលនោះ ក្នុងនាមជាប្រមុខកងទ័ពប្ដូរផ្ដាច់នឹងរាជានិយម។ លោក ប្រាយុទ្ធ បានបន្តកាន់អំណាចចាប់តាំងពីពេលនោះមក រហូតដល់ការបោះឆ្នោតកាលពីខែឧសភា។
លោក ស្រេតថា ថ្លែងអំពីកិច្ចប្រជុំដោយលើកឡើងថា៖ «ការបែកបាក់ដែលមានស្រាប់ នឹងពិបាកក្នុងការយកឈ្នះ។ការសន្ទនាមួយ នឹងមិនបញ្ចប់វានោះទេ។ វានឹងត្រូវការពេលវេលាច្រើន»។ លោកបន្តថា៖«ខ្ញុំយល់ពីចេតនារបស់លោក(ប្រាយុទ្ធ) ដែលចង់ជម្នះការបែកបាក់ ហើយលោកយកចិត្តទុកដាក់ចំពោះប្រទេស»។
នៅពេលសួរថាតើ លោក ប្រាយុទ្ធ បានផ្តល់ដំបូន្មានអ្វីខ្លះនោះ លោក ស្រេតថា បាននិយាយថា លោកប្រាយុទ្ធប្រាប់លោកឱ្យ «ស្ងប់ស្ងាត់ អត់ធ្មត់ និងការពារជាតិ និងរាជានិយម»។
គួរបញ្ជាក់ថា សេដ្ឋីអចលនទ្រព្យ លោក ស្រេតថា បានចូលប្រឡូកក្នុងនយោបាយកាលពីប៉ុន្មានខែមុន ហើយគ្មានបទពិសោធន៍ក្នុងជួររដ្ឋាភិបាលនោះទេ។ ការណ៍នេះ ធ្វើឱ្យមានការសង្ស័យថា ការចាប់បានតំណែងជាន់ខ្ពស់ដ៏រលូនគួរឱ្យភ្ញាក់ផ្អើលរបស់លោក ស្រេតថា គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ងាត់រវាងគូប្រជែងនយោបាយថៃ។ កិច្ចព្រមព្រៀងនោះ រួមបញ្ចូលទាំងការវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃអង្គារ របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ ក្រោយរដ្ឋាភិបាលនៃគណបក្សភឿថៃរបស់លោករងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០០៦។ ប៉ុន្តែគណបក្សភឿថៃ ច្រានចោលការសង្ស័យនេះ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីរបស់លោក ស្រេតថា នឹងត្រូវបញ្ជូនគោលដៅនៃគោលនយោបាយរបស់ខ្លួនទៅកាន់សម័យប្រជុំសភារួមគ្នា មុនពេលពួកគេអាចចាប់ផ្តើមការងារនៅចុងខែកញ្ញានេះ។ រដ្ឋបាលថ្មី នឹងប្រឈមមុខនឹងភារកិច្ចសំខាន់ៗក្នុងការស្តារសេដ្ឋកិច្ចថៃ ដែលធនាគារកណ្តាលព្យាករណ៍ថា នឹងកើនឡើងត្រឹមតែក្រោម ៣,៦ ភាគរយប៉ុណ្ណេះក្នុងឆ្នាំ ២០២៣ នេះ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា