ស្ថាប័នពាក់ព័ន្ធ បង្កើតវគ្គបណ្តុះបណ្តាលជំរុញអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ

អត្ថបទដោយ៖
CPA

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល និងអង្គការពាក់ព័ន្ធដែលធ្វើការក្នុងវិស័យទឹកស្អាតនៅកម្ពុជា បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកស្អាង ខេត្តកណ្តាល ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid ដោយមានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល។ នេះបើតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះលោក ជឺ គីមហៃ អភិបាលស្រុកស្អាង បានឱ្យដឹងថា ស្រ្តីជាថ្នាក់ដឹកនាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ហេតុនេះ ស្រ្តីជាថ្នាក់ដឹកនាំ ត្រូវតែទទួលបានការបណ្តុះបណ្តាលបន្ថែមពី
វិស័យនេះ។
អភិបាលស្រុកស្អាង បានចាត់ទុកថា៖« វគ្គបណ្ដុះបណ្ដាលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមពីចំណេះដឹង និងជំនាញ ក្នុងការសម្របសម្រួល ការនិយាយជាសាធារណៈ ការស្វែងរកការគាំទ្រ ព្រមទាំងទំនុកចិត្ត និងភាពជាអ្នកដឹកនាំ ក្នុងការវិភាគស្ថានភាព និងទំនាក់ទំនងរវាងយេនឌ័រ និងទឹកស្អាត អនាម័យជាដើម»។

ចំណែកលោក សុខ ឯកឧត្ដម តំណាងអង្គការ WaterAid បានលើកឡើងថា បេសកកម្មរបស់អង្គការ WaterAid មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញ និងលើកកម្ពស់លើវិស័យអនាម័យ និងទឹកស្អាត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបន្ថែមទៀតថា កាលពីពេលថ្មីៗទៅនេះ ខេត្តកណ្ដាលបានសម្រេចនូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាក្យកាល ODF ទូទាំងខេត្តកណ្ដាល ហើយស្រុកស្អាងក៏ត្រូវបានបញ្ឈប់ការបន្ទោបង់ពាសវាលពាក្យកាល ODFនេះផងដែរ។
ហេតុនេះ លោកក៏បានសង្ឃឹមយ៉ាងមុតមាំផងដែរថា៖« វគ្គបណ្ដុះបណ្ដាលនាឱកាសនេះនឹងធ្វើឱ្យស្រុកស្អាងអាចឈានទៅដល់ការទទួលបាននូវការ ODF Plus នាពេលខាងមុខផងដែរ»។

ទាក់ទិននឹងបញ្ហាទឹកស្អាត និងអនាម័យ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០ភាគរយ៕

ads banner