រដ្ឋាភិបាលអាមេរិកប្តឹងក្រុមហ៊ុន SpaceX ជុំវិញការរើសអើងរឿងជួលបុគ្គលិក
វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនអវកាសឯកជនរបស់មហាសេដ្ឋីពិភពលោក គឺលោក Elon Musk បានធ្វើរឿងខុសច្បាប់ ក្នុងការជៀសវាងជួលបុគ្គលិកជាជនភៀសខ្លួន។
ក្រសួងយុត្តិធម៌អាមេរិកបានប្តឹងក្រុមហ៊ុន SpaceX ពីបទរើសអើងប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន ឬជនភៀសខ្លួន នៅក្នុងដំណើរការជួលបុគ្គលិកចូលបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។ កន្លងមក នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ក៏ធ្លាប់បានអះអាងដែរថា ច្បាប់សន្តិសុខជាតិហាមគាត់មិនឱ្យជួលបុគ្គលិកដែលជាជនបរទេស។
ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន SpaceX តែងតែបង្អាក់សិទ្ធិជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ពីការដាក់ពាក្យចូលបម្រើការងារ ហើយបានបដិសេធមិនជួលពួកគេ ដោយសារតែសញ្ជាតិរបស់ពួកគេ, ការរំលោភលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។
គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ លោក Elon Musk មិនបានធ្វើការឆ្លើយតប ជុំវិញពាក្យបណ្តឹងនេះនៅឡើយទេ។ ប៉ុន្តែកាលពីឆ្នាំ២០១៦ លោក Musk បាននិយាយថា ខណៈពេលដែលគាត់ចង់ជួលអ្នកមានទេពកោសល្យពីបរទេស ការរឹតបន្តឹងរបស់ក្រសួងការបរទេសបានរារាំងគាត់មិនឱ្យធ្វើដូច្នេះ។ យ៉ាងណាមិញ បណ្តឹងនេះបានអះអាងថា ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនមានសិទ្ធិទទួលបានការងារដូចគ្នានឹងពលរដ្ឋអាមេរិកដែរ ស្ថិតក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិឆ្នាំ១៩៦៥៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

