រុស្ស៊ីចង់បង្កើនការនាំចេញអាហារសមុទ្រទៅចិន
មូស្គូ៖ រុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលអាហារសមុទ្ររបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយសារទីក្រុងតូក្យូបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មដែលចម្រោះរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។
ទីភ្នាក់ងារឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃទី២៦ ខែសីហាថា ខ្លួនចង់បង្កើនចំនួនក្រុមហ៊ុននាំចេញផលិតផលអាហារសមុទ្រទៅកាន់ទីផ្សារប្រទេសចិន។
ទីភ្នាក់ងារនេះបាននិយាយយ៉ាងដូច្នេះថា ជាទូទៅ ទីផ្សារចិនកំពុងមានតម្រូវការខ្ពស់សម្រាប់ផលិតផលត្រីរបស់រុស្ស៊ី ដូច្នេះយើងសង្ឃឹមថា នឹងបង្កើនចំនួនក្រុមហ៊ុន និងនាវារុស្ស៊ីដែលមានការបញ្ជាក់ត្រឹមត្រូវ។ ទីភ្នាក់ងារដដែលនេះបាននិយាយកាលពីខែកក្កដាថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ផលិតផលអាហារសមុទ្រដ៏ធំបំផុតមួយទៅកាន់ចិន ក្នុងនោះមានក្រុមហ៊ុនរុស្ស៊ី ៨៩៤ បានទទួលការអនុញ្ញាត។
ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងខាងលើ ទីភ្នាក់ងារនេះគ្រោងនឹងបន្តកិច្ចពិភាក្សាលើបញ្ហាសុវត្ថិភាពអាហារសមុទ្រ និងបញ្ចប់ការចរចាជាមួយចិន ស្តីពីបទប្បញ្ញត្តិសម្រាប់ការផ្គត់ផ្គង់ផលិតផលអាហារសមុទ្ររបស់រុស្ស៊ីទៅចិន។ ប្រទេសចិនគឺជាគោលដៅសម្រាប់ការនាំចេញផលិតផលជលផលជាងពាក់កណ្តាលរបស់រុស្ស៊ីនៅចន្លោះខែមករា និងខែសីហា ឆ្នាំ២០២៣៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា


