អភិបាលរាជធានីភ្នំពេញណែនាំឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារភក់នៅក្នុងប្រឡាយ បឹងសាឡាង
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ សីហានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយ លូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។

ឯកឧត្តម ឃួង ស្រេង ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែងនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង បានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូ ចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយបឹងសាឡាងយ៉ាងសំខាន់ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។

គួរបញ្ជាក់ថា៖ ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវបានលោកឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម ពីផ្លូវ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ។ ប្រឡាយបឹងសាឡាង មានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ ខណ្ឌទទួលគោក ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅ ស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញធ្វើការស្តារជាបន្ទាន់ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ ៕
ដោយ ៖ ហេង សម្បត្តិ


