មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរកសិកម្ម ខេត្តកណ្តាល ត្រូវបាន សម្ភោធដាក់អោយប្រើប្រាស់
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូរឈី Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរកសិកម្ម ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងអ្នកបច្ចេកទេស ជាបន្តបន្ទាប់ចំពោះប្រទេសកម្ពុជាលើគ្រប់ វិស័យជាប្រចាំ និងគ្រប់កាលៈទេសៈ ។ ជាក់ស្តែង ជំនួយឥតសំណងសម្រាប់សាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើប្រាស់នាឱកាសនេះ គឺជាសក្ខីភាពមួយទៀតបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងនូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តម និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជា ដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើប ភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើង ទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។ មួយវិញទៀត ប្រជាជនយើងក៏បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគត សំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផល ដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញ ផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក៕