អតីតតំណាងគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ អ.ស.ប ត្រូវបានចាប់ខ្លួន នៅប្រទេសក្វាតេម៉ាឡា

ក្វាតេម៉ាឡា៖ ប៉ូលីសប្រទេសក្វាតេម៉ាឡាបានចាប់ខ្លួន លោកស្រី Claudia Gonzalez អតីតតំណាងនៃគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ជាគណៈកម្មាធិការដែលត្រូវបានបិទ ដោយរដ្ឋាភិបាល កាលពី២០១៩ ។

ចាប់តាំងពីមានការបិទគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ អ.ស.ប មក អតីតរដ្ឋអាជ្ញាមួយចំនួននៃគណៈកម្មការអន្តរជាតិ ដែលប្រឆាំងនឹងនិទណ្ឌភាព ក្វាតេម៉ាឡា ហៅកាត់ថាCICIG ត្រូវបានចាប់ខ្លួន ឬ បង្ខំឱ្យនិរទេសខ្លួន ទៅក្រៅប្រទេស។

ក្នុងពេលផ្តល់កិច្ចសម្ភាស នៅខាងក្រៅតុលាការ បន្ទាប់ពីការចាប់ខ្លួន កាលពីថ្ងៃចន្ទ សប្តាហ៍នេះ លោកស្រី González បាននិយាយថា ការចោទប្រកាន់នេះគឺ «ចម្លែក»។ លោកស្រីបាននិយាយថា លោកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិអំណាច ដោយមន្ត្រីសាធារណៈ ដែលតាមពិត លោកស្រីមិនមែនជាមន្ត្រីរដ្ឋាភិបាលទេ ព្រោះលោកស្រីធ្វើជាតំណាងស្របច្បាប់របស់គណៈកម្មការអន្តរជាតិ ដែលប្រឆាំងនឹងនិទណ្ឌភាព ក្វាតេម៉ាឡា (CICIG)។

ថ្មីៗនេះ លោកស្រី González បានដើរតួជាមេធាវីការពារក្តីសម្រាប់អតីតរដ្ឋអាជ្ញា និងមន្ត្រីប្រឆាំងអំពើពុករលួយរាប់សិបនាក់ ដែលប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពីរដ្ឋបាលបច្ចុប្បន្ន។

អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលបរទេសបានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតីប្រទេសក្វាតេម៉ាឡា Alejandro Giammattei ថា បាននិងកំពុងតាមរកជាប្រព័ន្ធចំពោះអ្នកដែលធ្វើការជាមួយនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner