ឯកឧត្តម នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គសំខាន់បី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យឧស្សាហកម្មបានដើរទៅមុខបាន ដោយមានតួរអង្គសំខាន់បី ។
តួរអង្គសំខាន់ទាំង៣ គឺទី១-កម្មករនិយោជិត, ទី២-ម្ចាស់រោងចក្រ និងទី៣-រាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង ៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌ មិនអាចរីកចម្រើនទៅមុខបានទេ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
តាមរបាយការណ៍ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន នៅក្នុងប្រទេស កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែល ជា ប្រតិបត្តិករ ដ៏សកម្មនោះ ។
ក្នុងអាណត្តិទី៥ និងទី៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកម្មករ និយោជិតចំនួន ពីរ ជុំ។ ជុំទី១ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដោយជួប កម្មករ និយោជិតចំនួន ៧៧លើក មានកម្មករ និយោជិតចូលរួមសរុបប្រមាណ ១លាននាក់។ ជុំទីពីរ សម្តេចតេជោ បានចាប់ផ្តើមជួបកម្មករ និយោជិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ១៩លើក មានកម្មករ និយោជិតចូលរួមជិត ៣៤ម៉ឺន នាក់។ ក្នុងជំនួបទាំងពីរជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ជាច្រើន សុទ្ធសឹងជាការផ្តល់ និងធានាការពារនូវអត្ថប្រយោជន៍របស់កម្មករ និយោជិត ។
សម្រាប់នីតិកាលថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នៅតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយ ន ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្របង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ


