រាជរដ្ឋាភិបាល ដាក់បន្ទុកឱ្យក្រុមហ៊ុនខ្មែរ ជុងយៀន ដែលនាំចូលកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មកកាន់កម្ពុជានោះ ត្រូវនាំសំរាមទាំងនេះទៅប្រទេសដើមវិញ ឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត និងពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ
ភ្នំពេញ៖ ឯ,ឧ គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងឯ,ឧ នេត្រ ភ័ក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើសន្និសីទសារពត៌មានរួមគ្នានៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពូជា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយបានប្រកាសថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់បន្ទុកឱ្យក្រុមហ៊ុនខ្មែរ ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯ.ក ដែលនាំចូលកាក សំណល់ប្លាស្ទិកចំនួន ៨៣កុងតឺន័រ មកកាន់កម្ពុជានោះ ត្រូវនាំសំរាមទាំងនេះទៅប្រទេសដើមវិញ ឱ្យចប់សព្វគ្រប់ ២៤ សីហា ឆ្នាំ២០១៩ ជាកំហិត និងពិន័យជាប្រាក់ចំនួន ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ ។
ឯ,ឧ អគ្គនាយកគយ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ក្នុងនោះរួមមាន៖
១៖ ឱ្យក្រុមហ៊ុនជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះទៅប្រទេសដើមវិញ
២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ
៣៖ ក្រុមហ៊ុនខាងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត។
ឯ,ឧ គុណ ញឹម បានបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុន ដែលមិនអនុវត្តតាមការកំណត់ទាំង៣ខាងលើនេះទេ រាជរដ្ឋាភិបាល នឹង ចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុនផងដែរ ។ សំរាមទាំងនេះនាំចូលដោយ ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក ។ កុងទឺន័រចំនួន៨៣ទូរ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកាកសំណល់ សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលមកកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករ សហការជាមួយក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការ ឆែកឆេរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។
ឯ,ឧ គុណ ញឹម បានថ្លែងថា ទំនិញជាកាកសំណល់ប្លាស្ទីកទាំងនេះ បាននាំមកចំនួន ២៧ លើក តាមនាវាដឹកជញ្ជូន មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី ១ នាខែកញ្ញា ឆ្នាំ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ហ្វីតដូចគ្នា ។
ឯ,ឧ គុណ ញឹម បានបញ្ជាក់ទៀតថា តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ មានទម្ងន់១,៣២២តោន បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ មានទម្ងន់២៧០ តោន បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូន ក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី២២ជើង ម៉ាឡេស៊ី ២ជើង និងវៀតណាម៣ ជើង។
ជាមួយនេះ ឯ,ឧ នេត្រ ភ័ក្ត្រា បានមានប្រសាសន៍ដែរថា តាមការត្រួតពិនិត្យដោយឧបករណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះ មិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងឡើយ ។ ឯ,ឧ បញ្ជាក់ថា ជាលទ្ធផលវិភាគលើសំណាកចំនួន ៨កុងតែន័រ ដែលបានវិភាគ ពុំមានសមាសធាតុលោហៈធ្ងន់ ដែលលើសកម្រិតស្តង់ដារ អាចប៉ះពាល់សុខភាពមនុស្ស ឬនាំឱ្យខូចគុណភាពបរិស្ថាន ។
ឯ,ឧ នេត្រ ភក្រ្តា បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា បានសហការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរកប្រភពសំណល់ផ្លាស្ទិក ៨៣កុងតឹន័រ ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជា។ ឯ,ឧ បន្តថា ក្រោយប្រទេសចិន បានចេញបំរាមនាំចូលកាកសំណល់ប្លាស្ទិកចាប់ពីខែមករា ឆ្នាំ២០១៨ មក ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាគោលដៅ នៃការបង្វែរទិស នាំចូលកាកសំណល់ ប្រភេទសំណល់ប្លាស្ទិកទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលយើងបានឃើញកើតមានដូច ជានៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូសេនីជាដើម ។ ឯ,ឧ ថ្លែងបញ្ជាក់ថា នេះបញ្ហាប្រឈមថ្មីសម្រាប់ប្រទេសនៅក្នុងតំបន់ រាប់ទាំងកម្ពុជា ហើយតម្រូវឱ្យមានអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ស្ថាប័នគយចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធទំនិញប្រភេទ គ្រោះថ្នាក់នេះចូលមកប្រទេសកម្ពុជា»។
ឯ,ឧ នេត្រ ភ័ក្ត្រា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរម៉ឺងម៉ាត់ សំណល់ប្លាស្ទិក ដែលជាទំនិញត្រូវហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាទាំងនេះមកពីប្រភពណា នឹងត្រូវបញ្ជូនទៅប្រភពដើមវិញ។ ចំពោះក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងការនាំចូលសំណល់ប្លាស្ទិកនេះ ត្រូវប្រឈមមុខនឹងច្បាប់
ដែលមានជាធរមាន និងរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់។
ឯ,ឧ បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជា មិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេកវិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ។
ឯ,ឧរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ប្លាស្ទិកដែលជាវត្ថុធាតុដើម នៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជា ក៏បាននឹងកំពុងប្រឈមនឹងការបំពុលដោយសំណល់ប្លាស្ទិកដែរ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការនាំចូលសំណល់ប្លាស្ទិកពីក្រៅប្រទេសចូលមក កែច្នៃនៅក្នុងប្រទេសកម្ពុជាទេ ៕