ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខ

(ភ្នំពេញ)៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី ៣១ ខែសីហា ថា ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ គេរំពឹងថានឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពី តម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។

កម្មវិធីនេះក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។

សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ សូមរួសរាន់ទាក់ទងមក NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 017 467 423, 017 871 807, 096 2155 162។

សូមជម្រាបថាគិតចាប់តាំងពីឆ្នាំ២០១១ មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន១២លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ជាការរំពឹងទុក ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដោយនាំយកឱកាសការងារប្រមាណជាងប្រមាណ ២០ ០០០កន្លែង ហើយនឹងទាក់ទាញ អ្នកចូលរួមទស្សនាប្រមាណ ៣០ ០០០នាក់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner