ម្ចាស់មេដាយមាសស៊ីហ្គេម ទូច ចាន់វត្តី រំពឹងវាយដណ្តើមបានខ្សែក្រវ៉ាត់មួយទៀត បន្ថែមកេរ្តិ៍ឈ្មោះក្នុងវិស័យគុនខ្មែរ
(ភ្នំពេញ)៖ កីឡាការិនីប្រដាល់គុនខ្មែរទូច ចាន់វត្តី ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១០ ខែ កញ្ញា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាការិនីអន្តរជាតិ តាមរូបមន្តប្រកួតម៉ារ៉ាតុងលើប្រភេទទម្ងន់៥៤គ្រីក្រាម។
ការប្រកួតនៅថ្ងៃទី១០ ខែ កញ្ញាខាងមុខនេះ សម្រាប់កីឡាការិនីប្រដាល់គុនខ្មែរ ទូច ចាន់ វត្តី គឺជាប្រកួតទី៣ ខណៈជំនួបទី២ រាប់ចាប់ពីការប្រកួតកីឡាស៊ីហ្គេម វត្តីបានឈ្នះកីឡាការិនីចិនក្នុងទឹកទី១នៃការប្រកួត។ ជាមួយការត្រៀមខ្លួនក្នុងជំនួបទី៣នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាការិនីអន្តរជាតិ កីឡាការនីប្រដាល់គុនខ្មែរវ័យ១៨ឆ្នាំ ទូច ចាន់វត្តី បានលើកឡើងថា រូបនាង បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អជាមួយគ្រូបង្វឹក។

ទូច ចាន់វត្តី បានលើកឡើងទៀតថា សម្រាប់ជំនួបដណ្តើមខ្សែក្រវ៉ាត់នៅថ្ងៃទី១០ ខែ កញ្ញា ក្តីរំពឹងប្រជែងដណ្តើមបានខ្សែក្រវ៉ាត់គឺមានត្រឹម៥០%ប៉ុណ្ណោះ ដ្បិតដៃគូប្រជែងជាកីឡាការិនីអន្តរជាតិមិនដឹងអំពីសមត្ថភាព។តែទោះយ៉ាងណាក៏ដោយ សម្រាប់ការប្រជែងដណ្តើមខ្សែក្រវ៉ាត់នេះ នាងនឹងធ្វើឲ្យអស់ពីលទ្ធភាព ព្រោះខ្សែក្រវ៉ាត់មួយខ្សែនេះ នឹងជួយបន្ថែមនូវកេរ្តិ៍ធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញក្នុងវិស័យគុនខ្មែរ។
សូមបញ្ជាក់ថា កីឡាការិនីប្រដាល់គុនខ្មែរទូច ចាន់វត្តី នាងមានវ័យ១៨ឆ្នាំ ជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សមិទ្ធផលមេដាយមាសនេះ ធ្វើឲ្យនាងទទួលបានក្របខ័ណ្ឌជាមន្រ្តីកងយោពលខេរៈភូមិន្ទ ៕



រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ