សភាសហរដ្ឋអាម៉េរិកបរាជ័យ ដើម្បីទប់ស្កាត់ការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ក្រោយលោក ដូណាល់ ត្រាំ ធ្វើវ៉េតូ
សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិក បានបរាជ័យនៅថ្ងៃចន្ទសប្តាហ៍នេះ ក្នុងការរារាំងគម្រោងលក់អាវុធតម្លៃ៨,១ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា។
ដំបូងឡើយ សភាទាំងពីររបស់សហរដ្ឋអាម៉េរិក បានជំទាស់យ៉ាងដាច់អហង្ការគម្រោងលក់អាវុធចំនួន២២មុខនេះ ព្រោះអារ៉ាប៊ីសាអូឌីតកំពុងជាប់ដៃក្នុសង្គ្រាមនៅយ៉េម៉ែន ដែលអូសបន្លាយពេល៧ឆ្នាំទៅហើយនោះ។ ប៉ុន្តែការបែងចែកក្នុងស្ថាប័ននីតិបញ្ញត្តិអាម៉េរិក ធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អាចបន្តគម្រោងនេះបាន។
ទាំងរដ្ឋសភា និងព្រឹទ្ធសភាអាម៉េរិក សុទ្ធតែបានបោះឆ្នោតប្រឆាំងគម្រោងនេះហើយដែរ ប៉ុន្តែចុងក្រោយនេះ គឺព្រឹទ្ធសភាអាម៉េរិក បានអនុម័តដំណោះស្រាយដល់ទៅបី ដើម្បីរារាំងរដ្ឋាភិបាលលក់អាវុធឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានប្រើអំណាចវ៉េតូរបស់ខ្លួន ដើម្បីបដិសេធការបោះឆ្នោតប្រឆាំងនៅវិមាន ខេបភីថល វិញ។ ចុងក្រោយទៅ សភាអាម៉េរិក បែរជាមិនអាចរកសំឡេងបានពីរភាគបី ដើម្បីជំទាស់អំណាចវ៉េតូនេះ។ ដូច្នេះហើយ សហរដ្ឋអាម៉េរិកអាចលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតបានហើយ៕ធ.ដ