ស្តង់លក់ឈើចំនួន៧កន្លែង នៅក្រុងកំពង់ឆ្នាំងមិនមានច្បាប់ត្រឹមត្រូវ ត្រូវបានកម្លាំងចម្រុះ បិទបណ្តោះអាសន្ន
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមសមត្ថកិច្ចចម្រុះ រួមមានអាជ្ញាធរក្រុងកំពង់ឆ្នាំង កងរាជអាវុធហត្ថក្រុង និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើប្រមាណជិត២០នាក់ បានចុះពិនិត្យទីតាំងធ្វើសន្និធិលក់ផលអនុផលព្រៃឈើចំនួន១១ទីតាំង ក្នុងក្រុងកំពង់ឆ្នាំង ក្នុងនោះមាន៧ទីតាំងពុំមានច្បាប់អនុញ្ញាត (លួចដាក់លក់) និង៤ទីតាំងមានច្បាប់ត្រឹមត្រូវ។ ចំពោះអ្នកធ្វើសន្និធិផល អនុផលព្រៃឈើខុសច្បាប់ ត្រូវបិទជាបណ្តោះអាសន្ន រង់ចាំលិខិតអនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មសិន ចាំបើកលក់បន្តទៀត។
លោក ថោង វ៉ាន់វីរ៉ាវុទ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានអ្នកធ្វើសន្និធិផល អនុផលព្រៃឈើចំនួន៤០ទីតាំង ក្នុងនោះមាននៅក្នុងក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកបរិបូណ៌ចំនួន១៧ទីតាំង ស្រុកកំពង់ត្រាច និងស្រុកសាមគ្គីមានជ័យ២២ទីតាំង និងស្រុកទឹកផុសចំនួន១ទីតាំង។ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមចម្រុះមានការចូលរួមពីអាជ្ញាធរក្រុង និងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងផងនោះ បានចុះស្រាវជ្រាវត្រួតពិនិត្យទៅលើទីតាំងធ្វសន្និធិផល អនុផលព្រៃឈើចំនួន១១ទីតាំង នៅក្នុងក្រុងកំពង់ឆ្នាំង ហើយនឹងចុះបន្តទៅតាមបណ្តាស្រុកផ្សេងទៀត។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងឲ្យម្ចាស់អាជីវកម្មទាំងនោះបង្ហាញនូវលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ថាគាត់ទទួលបានសិទ្ធិធ្វើអាជីវកម្មលក់ដូរផលអនុផលព្រៃឈើ ឬមួយក៏អត់។ ប្រសិនបើគាត់មានរួចហើយ គឺក្រុមការងារអនុញ្ញាតឲ្យពួកគាត់លក់បន្តទៀត តែបើពុំមានលិខិតអនុញ្ញាតទេ ហើយគាត់បើកលក់ដូចគេឯងដែរនោះ ចាំបាច់ត្រូវផ្អាកអាជីវកម្មពួកគាត់ជាបណ្តោះអាសន្ន រង់ចាំពួកគាត់រត់ច្បាប់រួច ជាពិសេសបើគាត់មិនព្រមអនុវត្តន៍តាមនោះទេ ដាច់ខាតក្រុមការងារចម្រុះត្រូវតែបិទទីតាំងធ្វើសន្និធិផល អនុផលព្រៃឈើរបស់ពួកគាត់ជាស្ថាពរតែម្តង។
បើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចចម្រុះថា ក្នុងការចុះពិនិត្យឯកសារអនុញ្ញាតធ្វើសន្និធិផល អនុផលព្រៃឈើនៅក្នុងក្រុងកំពង់ឆ្នាំងថ្ងៃនេះ រកឃើអ្នកមិនទាន់មានលិខិតអនុញ្ញាតធ្វើសន្និធិផល អនុផលព្រៃឈើចំនួន៧ទីតាំង ដោយពួកគាត់មិនមានលិខិតអនុញ្ញាតពីខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺជាការខុសច្បាប់ស្តីពីព្រៃឈើត្រង់មាត្រាទី២៦។ ដូចនេះក្រុមចម្រុះបានឲ្យម្ចាស់ទីតាំងលក់ឈើខុសច្បាប់ទាំងនោះ ត្រូវផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នសិន និងត្រូវរត់ច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ បើមិនអនុវត្តន៍តាម គឺត្រូវបិទទាំងស្រុងតែម្តង។
ដោយឡែកអាជ្ញាធរក្រុងកំពង់ឆ្នាំង ក៏បានណែនាំដល់ម្ចាស់ទីតាំងលក់ឈើទាំងអស់នោះ ត្រូវរៀបចំឈើរបស់ខ្លួនឲ្យមានរបៀប ដាក់ឲ្យផុតពីដីចំណីផ្លូវ ព្រោះវានាំឲ្យបាត់បង់សោភ័ណភាពផ្លូវក្នុងក្រុង ឬអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប្រសិនបើមិនរៀបចំទេ អាជ្ញាធរក្រុងនឹងចុះផាកពិន័យ និងរឹបអូសទុកជាមិនខានឡើយ៕ធ.ដ
ដោយៈ សុក្ខារិន