ការសិក្សាថ្មីរកឃើញថា ការបំពុលខ្យល់អាកាសអាចកាត់បន្ថយអាយុរបស់មនុស្សជាង ២ឆ្នាំ
វៀងចន្ទន៍៖ យោងតាមរបាយការណ៍សន្ទស្សន៍ជីវិតគុណភាពខ្យល់ប្រចាំឆ្នាំចុងក្រោយបំផុត ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថា ការបំពុលខ្យល់អាកាសបានលេចឡើងជាការគំរាមកំហែងបំផុត ចំពោះអាយុជីវិតរបស់មនុស្ស។
ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានគោលនយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ បានបង្ហាញថា ការបំពុលខ្យល់អាកាសបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅលើពិភពលោក ដោយកាត់បន្ថយអាយុជីវិតមនុស្សជាមធ្យមជាង ២.៣ឆ្នាំ។ ការរកឃើញសំខាន់មួយនៃរបាយការណ៍នេះ គឺថាផលប៉ះពាល់សុខភាពជាអវិជ្ជមាន នៃការស្រូបខ្យល់ពុល គឺស្រដៀងគ្នាទៅនឹងការជក់បារីដែរ។
បន្ថែមលើនេះ ខ្យល់អាកាសកខ្វក់ក៏បង្កគ្រោះថ្នាក់ច្រើនជាង៣ដង ដែលបណ្តាលមកពីការពិសារគ្រឿងស្រវឹង និងទឹកមិនមានសុវត្ថិភាព និង ៥ដងច្រើនជាងការរងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ របាយការណ៍ដដែលនេះ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់ ក្នុងការដោះស្រាយបញ្ហាខាងលើ និងចាត់ទុកវាជាគ្រាអាសន្នផ្នែកសុខភាពសកល។
បើតាមរបាយការណ៍ខាងលើនេះ ប្រទេសធំៗចំនួន ៦ ដែលរ៉ាប់រងការបំពុលខ្យល់អាកាសរហូតដល់ ៧៥ភាគរយទូទាំងពិភពលោក ក្នុងនោះរួមមានបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន ចិន នីហ្សេរីយ៉ា និងឥណ្ឌូណេស៊ី៕ ប្រភព៖ Laotian Times ប្រែសម្រួលដោយ៖ ឈឹម ទីណា


