រដ្ឋាភិបាលអូស្ត្រាលី នឹងដាក់ចេញច្បាប់ថ្មី ដើម្បីរឹតបន្តឹងការកេងប្រវ័ញ្ចប្រាក់ឈ្នួលបុគ្គលិក

ស៊ីដនី៖ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសអូស្ត្រាលី នឹងដាក់ចេញច្បាប់ថ្មីដើម្បីបិទនូវចន្លោះប្រហោងនៃការកេងប្រវ័ញ្ចនៅកន្លែងធ្វើការ។

រដ្ឋមន្ត្រីក្រសួងការងារលោក Tony Burke បាននិយាយកាលនៅថ្ងៃអាទិត្យថា លោកនឹងដាក់ចេញវិធានការថ្មីមួយដើម្បីទប់ស្កាត់បទល្មើសព្រហ្មទណ្ឌចំពោះកម្មករនិយោជិតដែលមានប្រាក់កម្រៃទាប ដោយនឹងមានការពិន័យជាអតិបរមាដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ៧.៨ លានដុល្លារអូស្ត្រាលី (៥ លានដុល្លារអាមេរិក) ទៅលើភាគីថៅកែ។ សេចក្តីលម្អិតនៃច្បាប់នេះមិនទាន់ត្រូវបានគេបញ្ចេញជាសាធារណៈនោះទេ។

ថ្លែងក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុនលោក Burke បានឱ្យដឹងថា បន្ថែមពីលើការដាក់ទោសទណ្ឌឧក្រិដ្ឋកម្មពីបទគេងប្រវ័ញ្ចប្រាក់ឈ្នួលនេះដែរ វិធានការថ្មីនេះក៏នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់កម្មករនិយោជិតក្នុងការទទួលបានតួនាទីអចិន្ត្រៃយ៍មួយផងដែរ។

វិធានការថ្មីនេះ ក៏នឹងពិនិត្យឱ្យកាន់តែតឹងរ៉ឹងទៅលើវិធីផ្សេងៗដែលម្ចាស់ក្រុមហ៊ុនបានធ្វើ ដោយខុសច្បាប់ដើម្បីកាត់បន្ថយអត្រាប្រាក់ឈ្នួលអប្បបរមា ព្រមទាំងណែនាំស្តង់ដារអប្បបរមាសម្រាប់កម្មករ។

លោកបាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសជាមួយក្រុមហ៊ុនផ្សព្វផ្សាយអូស្ត្រាលី (ABC) ពីផលប៉ះពាល់លើអាជីវកម្មចេញពីវិធានការនេះ ដោយលោកថានឹងមានតិចតួច តាមរយៈការ ចំណាយច្រើនជាងមុនរបស់និយោជកមួយចំនួន។

ដោយឡែក លោកបន្តថា អាជីវកម្មដែលមានបុគ្គលិកតិចជាង ១៥ នាក់នឹងត្រូវបានលើកលែងពីបទប្បញ្ញត្តិមួយចំនួនដែលមានចែងនៅក្នុងច្បាប់ការងារថ្មីនេះ។

បើទោះជាយ៉ាងនេះក្ដី លោក Jennifer Westacott នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសអូស្ត្រាលីបានចាត់ទុកវិធានការថ្មីនេះថា ជាអ្វីដែលពិបាកនឹងទៅរួច។ ពិបាកទៅរួចព្រោះថា ៖ «វានឹងបន្ថែមថ្លៃដើម បន្ថែមភាពស្មុគ្រស្មាញ ធ្វើឱ្យវាកាន់តែលំបាកក្នុងការទទួលបានការងារធម្មតា ជាពិសេសនឹងធ្វើឱ្យមានភាពលំបាកក្នុងការជួលបុគ្គលិកមកធ្វើការងារជាដើម»។

ជាការកត់សម្គាល់ ការគេងប្រវ័ញ្ចប្រាក់ឈ្នួលនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានពិពណ៌នាថាជា «ជំងឺរាតត្បាត» ដោយបុគ្គលិកម្នាក់ក្នុងចំណោមប្រាំបួននាក់រាយការណ៍ថាតែងតែទទួលបានប្រាក់ខែតិច ហើយពីរភាគបីនៃកម្មករអូស្ត្រាលីទាំងអស់មិនទទួលបានប្រាក់ឈ្នួលពេញលេញរបស់ពួកគេនោះទេ។

គួរឱ្យដឹងដែរថា ប្រទេសអូស្ត្រាលីជាប្រទេសដែលមានការពង្រឹងជារឿយៗទៅលើច្បាប់ការងារ ជាក់ស្ដែងច្បាប់យុត្តិធម៌ការងារឆ្នាំ ២០០៩ ដែលកម្មករ និយោជិតនៅប្រទេសអូស្ត្រាលីត្រូវបានផ្តល់សិទ្ធិជាមូលដ្ឋានដូចជា ប្រាក់ឈ្នួលអប្បបរមា រយៈពេលឈប់សម្រាកដែលមានប្រាក់ឈ្នួល សំណងដែលអាចអនុវត្តបាន បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងជាពិសេសគឺច្បាប់ដែល ហាមប្រាមនិយោជិតធ្វើការលើសពី ៣៨ ម៉ោងក្នុងមួយសប្តាហ៍៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner