ភោជនីយដ្ឋាននៅម៉ាឡេស៊ីនាំគ្នាដំឡើងថ្លៃអាហារ
គូឡាឡាំពួរ៖ ម្ចាស់ភោជនីយដ្ឋាននានានៅក្នុងប្រទេសម៉ាឡេស៊ី កំពុងសម្លឹងមើលការដំឡើងថ្លៃអាហាររបស់ពួកគេ ខណៈដែលតម្លៃអង្ករនាំចូលកើនឡើងប្រមាណ ៣៦ភាគរយ ដែលការឡើងថ្លៃអង្ករនេះ ពាក់ព័ន្ធជាមួយនឹងការប្រែប្រួលអាកាសធាតុ និងជម្លោះមួយចំនួន។
លោក Wong Choy Sim ជាម្ចាស់ភោជនីយដ្ឋានបែបចិនដ៏មានប្រជាប្រិយភាពមួយនៅក្រុង Tapah រដ្ឋ Perak បានឱ្យដឹងថា លោកគ្មានជម្រើសអ្វីក្រៅពីដំឡើងថ្លៃបន្ថែមលើមុខម្ហូបនោះទេ។ លោក Wong ថា សម្រាប់តែបាយសមួយចាននឹងត្រូវដំឡើងប្រហែល ២០ សេនម៉ាឡេស៊ី ឬស្មើនឹង ២៥០រៀល។
Padiberas Nasional Bhd (Bernas) ដែលជាក្រុមហ៊ុនឯកជនមួយនៅប្រទេសម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា តម្លៃអង្ករសនឹងកើនតម្លៃរហូតដល់ខ្ទង់ជាង ៦០០ដុល្លារអាមេរិក ក្នុងមួយតោន ដោយវាបង្កមកពីកត្តាដែលមិនអាចទាយទុកជាមុនបានដូចជា ការប្រែប្រួលអាកាសធាតុ ការចុះខ្សោយនៃអត្រាប្តូរប្រាក់បរទេស ថ្លៃប្រតិបត្តិការឡើងខ្ពស់ និងជម្លោះនៅក្នុងតំបន់ជាដើម។
ដោយឡែក ម្ចាស់ភោជនីយដ្ឋានឈ្មោះ Nasi Kandar Arsyad គឺលោក Mohd Arsyad Azarin បានប៉ាន់ប្រមាណថា តម្លៃអាហារក្នុងហាងរបស់លោកអាចនឹងឡើងថ្លៃយ៉ាងហោចណាស់ពី ៥០សេន ទៅ ៨០ សេនម៉ាឡេស៊ី។ ក្រៅតែពីអង្ករនាំចូល លោក Azarin ថាគ្រឿងផ្សំផ្សេងទៀតគឺឡើងថ្លៃទាំងអស់។
ចំណែកប្រធានសហព័ន្ធនៃសមាគមអ្នកប្រើប្រាស់ម៉ាឡេស៊ី (Fomca) លោក Datuk N. Marimuthu បានស្នើថា រដ្ឋាភិបាលគួរមានកម្មវិធីដាំដុះប៉ាឌីសម្រាប់ប្រទេសម៉ាឡេស៊ី ដើម្បីផ្គត់ផ្គង់ស្រូវដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកលើការនាំចូលស្ទើទាំងស្រុងបែបនេះ។ លោកថា ម៉ាឡេស៊ីគួរទាញយកផលប្រយោជន៍ពីដីដ៏មានជីជាតិរបស់ខ្លួនដើម្បីធ្វើស្រែចម្ការ។
គួរជម្រាបថា ម៉ាឡេស៊ីមិនមែនជាប្រទេសតែមួយគត់ដែលប្រឈមនឹងការឡើងថ្លៃអង្ករទេ ក្នុងនោះប្រទេសដែលនាំចេញអង្ករសំខាន់ៗដូចជា ប្រទេសថៃ និងវៀតណាម ក៏ប្រឈមនឹងការឡើងថ្លៃអង្ករ រហូតដល់ ២០ ភាគរយផងដែរ។
បញ្ហាការឡើងថ្លៃអង្ករនេះ កើតឡើងបន្ទាប់ពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានហាមឃាត់ការនាំចេញអង្ករជាច្រើនប្រភេទក្នុងខែកក្កដា ដោយរឹតបន្តឹងការផ្គត់ផ្គង់ជាសកល៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ