លោក ផុន ភាន់ នៅតែបន្តកែច្នៃត្រឡោកទៅជាផលិតផលផ្សេងៗ
កំពង់ចាម៖ ផ្លែដូង ក្រៅពីទាញយកផលជាទឹកនិងសាច់ហើយនោះ អ្នកបរិភោគតែងតែបោះចោលទៅជាកាកសំណល់។ មានមនុស្សតិចណាស់ដែលបានយកសំណល់របស់ផ្លែដូង ឬសម្បកដូងទៅកែច្នៃជារបស់ប្រើប្រាស់ និងវត្ថុផ្សេងៗ។
នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯណោះ បុរសម្នាក់ដោយសារមិនចង់ទុកចោលនូវកាកសំណល់នៃផ្លែដូង ក៏បានធ្វើការកែច្នៃវាឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗដ៏គួរឱ្យទាក់ទាញ។
លោក ផុន ភាន់ វ័យ ៤៤ឆ្នាំ រស់នៅភូមិ ទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរៀ បរាប់ឱ្យដឹងថា លោកបានចំណាយពេលជាមួយមុខរបរកែច្នៃមួយនេះអស់ពេលជាង ២០ឆ្នាំ មកហើយ បើទោះបីជាជួបការលំបាកយ៉ាងណាក៏មិនបោះបង់ដែរ ដ្បិតអីវាជាមុខរបរដែលលោកស្រឡាញ់ ហើយលោកក៏បានបង្រៀនដល់កូនប្រុសតែម្នាក់គត់របស់លោកផងដែរ។
មុនឈោងទៅឆាប់របរកែច្នៃផលិតផលទាំងនេះ លោក ផុន ភាន់ បានឱ្យដឹងថា ដើមឡើយលោកបានទៅរៀនជាជាងកាត់សក់នៅភ្នំពេញទេ តែពេលមួយមានមនុស្សម្នាក់ដែលលោកបានចាត់ទុកថាជាបងប្រុស បាននាំរូបលោកទៅដាក់ឱ្យរៀននៅសាលារចនា ឬសាកលវិទ្យាល័យខេមរភូមិន្ទវិចិត្រសិល្បៈ ព្រោះយល់ថា វាល្អសម្រាប់លោកនៅពេលខាងមុខ។
លោក ផុន ភាន់ បន្តថា ៖ «រៀនយូរៗទៅ ខ្ញុំក៏ស្រឡាញ់មុខរបរមួយនេះ និងជាប់និស្ស័យបន្តមក និងម្យ៉ាងវាត្រូវនឹងនិស្ស័យរបស់ខ្ញុំដែលចូលចិត្តកែច្នៃរបស់ដែលឥតប្រយោជន៍ទៅជារបស់ដែលមានប្រយោជន៍»។
អស់ពេលជាង ២០ឆ្នាំកន្លងមក បុរសអ្នកខេត្តកំពង់ចាមរូបនេះថា លោកបានឆ្លងកាត់អស់ហើយការលំបាកក្នុងជីវិតដែលកើតមានឡើងច្រើនខ្លាំងណាស់ និងមានពេលខ្លះត្រូវកែច្នៃផលិតផលផ្សេងៗផង ត្រូវទៅធ្វើជាកូនជាងសំណង់ផង ដោយសារតែចំណូលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងម្យ៉ាងចិត្តលោកផ្ទាល់មិនចង់បោះបង់ហើយថែមទាំងចង់យកចំណូលបន្ថែមដើម្បីមកទិញត្រឡោកមកកែច្នៃរបស់ទាំងនេះដែរ។
មកទល់បច្ចុប្បន្ននេះ លោក ផុន ភាន់ ថា ជីវភាពប្រចាំថ្ងៃរបស់លោកគឺពឹងផ្អែកទាំងស្រុងលើមុខរបរមួយនេះតែប៉ុណ្ណោះ ហើយបើទោះបីជាលក់ដាច់ ឬមិនដាច់ ក៏លោកមិនបោះបង់វាចោលដែរ ដោយសារតែចិត្តស្រលាញ់មួយប៉ុណ្ណោះ។
ទាន់ទិនទៅនឹង វត្ថុធាតុដើម លោក ផុន ភាន់ បានប្រាប់ថា លោកកែច្នៃរបស់ប្រើប្រាស់ និងសម្រាប់តាំងលម្អទាំងនេះ ពីត្រឡោកដូង គ្រាប់ត្នោត ឫស្សី និងកម្ទេចឈើដែលគេចោល។ ក្នុងមួយវត្ថុធាតុដើម លោកអាចកែច្នៃបានចន្លោះពី ២០០ ទៅ៣០០ម៉ូតនៃផលិតផល ហើយលោកក៏បើកទទួលការកែច្នៃតាមតម្រូវការអតិថិជនផងដែរដូចជាឆ្លាក់ឈ្មោះ ឬរូបផ្សេងៗ។
លោក ផុន ភាន់ រៀបរាប់ឱ្យដឹងពីផលិតផលលោរបស់លោកថា សម្រាប់ត្រឡោកមួយមានតម្លៃ ១០.០០០រៀល។ ត្រឡោកកែច្នៃធម្មតាគ្មានឆ្លាក់មួយមានតម្លៃ ៦.០០០រៀល។ រីឯផលិតផលអំពូលតាំងលម្អមានតម្លៃចាប់ពី ១០ដុល្លារ ដល់៥០ដុល្លារអាមេរិក ដោយវាអាស្រ័យលើចំនួនអំពូល និងទំហំរបស់វា។ ក្រៅពីផលិតផលទាំងនោះ ក៏លោកនៅមានវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដូចជា អណ្ដើកច្នៃពីត្រឡោកដូង ពីឫស្សី និងប្រភេទថូជាច្រើនមុខថែមទៀត។
ដោយឡែកសម្រាប់ការលក់វិញម្ចាស់សិប្បកម្មលក្ខណៈគ្រួសាររូបនេះបានឱ្យដឹងថា មិនទៀងទាត់នោះទេ ពោលវាគឺគ្រាន់អាចជួយដោះទាល់ប៉ុណ្ណោះ ដ្បិតអីផលិតផលទាំងនេះមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេបច្ចុប្បន្ននេះ ។
លោក ផុន ភាន់ ក៏បានសំណូមពរដល់ពលរដ្ឋគ្រប់ជួយគាំទ្រផលិតផលខ្មែរ ទទួលស្គាល់ផលិតផលខ្មែរផងដែរ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ








