គិតត្រឹមរយៈពេលជាងប្រាំបីខែ នៃឆ្នាំ២០២៣ កូនផ្សោតកើតថ្មីចំនួនប្រាំពីរក្បាល
ភ្នំពេញ៖ គិតត្រឹមរយៈពេលប្រមាណជាងប្រាំបីខែ ក្នុងឆ្នាំ២០២៣នេះ ផ្សោតបានកើតថ្មីចំនួនប្រាំពីរក្បាល ខណៈដែលចំនួនផ្សោតបីក្បាលបានស្លាប់ បើធៀបទៅនឹងឆ្នាំកន្លងមក ចំនួនផ្សោតកើតក៏មានការកើនឡើង។ ឯចំនួនផ្សោតស្លាប់មានការថយចុះ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតាមរយហ្វេសប៊ុករបស់លោក នាថ្ងៃទី២ ខែកញ្ញាថា ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលនៅក្នុងខេត្តស្ទឹងត្រែង។ កូនផ្សោតមួយនេះ គឺជាកូនផ្សោតទី៧ ដោយបានកត់ត្រាទុកគិតត្រឹមរយៈពេលត្រឹមដើមខែកញ្ញា នៃឆ្នាំ២០២៣នេះ ទាំងចំនួនផ្សោតកើតក៏មានការកើនឡើង និងចំនួនផ្សោតស្លាប់ក៏មានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ និងឆ្នាំ២០២២។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០២១ មានផ្សោតកើតចំនួនប្រាំមួយក្បាល និងផ្សោតស្លាប់ចំនួនប្រាំបួនក្បាល និងឆ្នាំ២០២២ មានផ្សោតកើតចំនួន ប្រាំមួយក្បាល និងផ្សោតស្លាប់ចំនួន ១១ក្បាល។
របាយការណ៍ដដែល ក៏បានបង្ហាញផងដែរ ចាប់ពីខែមករា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣ មានផ្សោតកើតចំនួនប្រាំពីរក្បាល និងមានផ្សោតស្លាប់ចំនួនបីក្បាល។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ៖ «នេះជាចំនួនមួយកើនឡើងយ៉ាងល្អ បើធៀបនឹងឆ្នាំ២០២១ និងឆ្នាំ២០២២។ ទន្ទឹមជាមួយនឹងការថយចុះច្រើននៃចំនួនផ្សោតស្លាប់ បើធៀបនឹងឆ្នាំកន្លងមកផងដែរនោះ នេះគឺជាសញ្ញាល្អសម្រាប់ការអភិរក្សផ្សោតនៅកម្ពុជា!»។
ដោយឡែកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក៏បានប្រកាសឱ្យដឹងដែរថា កូនផ្សោតដែលទើបនឹងកើតថ្មីមួយក្បាលនេះ មានអាយុកាលប្រមាណ ២០ថ្ងៃបានប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យដែលមានចំនួនប្រមាណជាប្រាំបីក្បាល នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងអន្លង់ត្បូងខ្លា ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការWWF កំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។
អង្គការ WWF បន្តថា ៖ «វត្តមានរបស់សត្វផ្សោតនេះ ជាកត្តាចង្អុលបង្ហាញមួយ ពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិ ដែលផ្តល់នូវសេវាកម្មអេកូឡូស៊ីក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ផងដែរ។ សូមរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់រាន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងបរិស្ថានធម្មជាតិ»។
បើតាមអង្គការ WWF សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិ មានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោមប្រាំមួយប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក៕ ដោយ៖ ជា សុខនី