កម្ពុជាអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មបែបទំនើប មានតម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារបានលើកឡើងថា កម្ពុជាអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែមខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន បរិយាកាសវិនិយោគល្អ បង្កើតការងារដែលមានលក្ខខណ្ឌល្អ មានផលិតភាពខ្ពស់ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

នៅអំឡុងពេលអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ទីផ្សារការងារកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ និងមានកម្លាំងពលកម្មចំនួនប្រមាណ ១១ លាននាក់។ កម្ពុជាអនុវត្តគោលនយោបាយគាំទ្រដល់ ឧស្សាហកម្មអតិពលកម្មដើម្បីបង្កើតឱកាសការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋ។ នៅក្នុងចំណោមកម្លាំងពលកម្មចំនួនប្រមាណ ១១លាននាក់ មាន២,៥លាននាក់នៅក្នុងវិស័យឧស្សាហកម្ម។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានបង្កើនទំហំថវិកាជាតិជាបន្តបន្ទាប់ក្នុងការធ្វើទំនើបកម្ម និងពង្រឹងគុណភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ សំដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញបច្ចេកទេសវិជ្ជាជីវៈ អនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.)និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាវេទិកាធុរកិច្ចលើកទី១ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗនេះ ធ្លាប់បានលើកឡើងថា កម្ពុជាត្រូវការប្រភេទឧស្សាហកម្ម ដែលមានផ្គត់ផ្គង់បន្ថែម ដល់ឧស្សាហកម្មដទៃទៀតនៅក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុផ្សំផ្សេងៗនៅក្នុងវិស័យនេះ។

លោកថា ដូចនេះការអភិវឌ្ឍធនធានមនុស្ស ដែលមានការរៀបចំនូវវិធានការអភិវឌ្ឍកម្មវិធីធ្វើឱ្យប្រសើរឡើងជំនាញកម្លាំងពលកម្ម គឺជាតម្រូវការចាំបាច់ ដើម្បីបំពេញតម្រូវការក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។

លោកបានលើកឡើងថា ៖ «យើងមានច្បាប់វិនិយោគល្អហើយ យើងមានគោលនោយបាយលើកទឹកចិត្តល្អហើយ និងមានហេដ្ឋារចនាសម្ព័ន្ធដែលអំណោយផលហើយដែរ ប៉ុន្តែអ្វីដែលត្រូវគិតគូរបន្ថែមនោះគឺថា ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យមានជំនាញច្បាស់លាស់។ ហេតុនេះហើយបានជារដ្ឋាភិបាលដាក់ចេញនូវគោលនោយបាយបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញដល់យុវជន១,៥លាននាក់ ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទាំងនេះ»។

លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានប្រាប់ឱ្យដឹងថា កម្ពុជានៅមានកង្វះខាតពលកម្មជំនាញ អាចឧបសគ្គមួយដែរសម្រាប់ការអនុវត្តគោលនយោបាយឧស្សាហកម្មទំនើប ក៏ដូចជាផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

លោកថ្លែងថា ៖ «កត្តាដែលនាំឱ្យមានការខ្វះខាតផ្នែកកម្លាំងពលកម្មជំនាញនេះ គឺដោយសារក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាមិនបានបញ្ចូលការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាំងពីកម្រិតវិទ្យាល័យមក ដោយសង្កេតឃើញថា អ្នកសិក្សាផ្នែក TVET នេះជាអ្នកមិនបានបន្តការសិក្សានៅមហាវិទ្យាល័យ ខណៈអ្នករៀនផ្នែកនេះទទួលបានប្រាក់បៀវត្សរ៍ប្រហាក់ប្រហែលនឹងអ្នកមិនបានរៀនដែរ»។

លោក តាន់ មុនីវណ្ណ បានបញ្ជាក់ថា ក្រសួងការងារបានបង្កើតសាលា TVET នេះមួយចំនួនហើយ និងមានសិស្សកំពុងសិក្សាផងដែរ ប៉ុន្តែចំនួននៅមានកម្រិតនៅឡើយ។

ទោះយ៉ាងក៏ដោយលោកថា ការរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៣នេះទៅ លោកជឿជាក់ថា កំលាំងពលកម្មជំនាញនៅកម្ពុជា នឹងលែងមានការខ្វះខាតទៀត និងជាការផ្តល់ទំនុកចិត្តបន្ថែមទៀតសម្រាប់អ្នកដែលចង់វិនិយោគលើឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក៕ ដោយ៖ វណ្ណ សុជាតា

ads banner