អ្នកវិភាគ៖ កម្ពុជានៅតែដើរតួនាទីសំខាន់ក្នុងការរកច្រកចេញក្នុងវិបត្តិមីយ៉ាន់ម៉ា ទោះផ្លាស់រដ្ឋាភិបាលថ្មី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាប្រទេសដំបូងគេដែលសម្ដេចធិបតីនាយករដ្ឋមន្រ្តីនឹងឈានជើងជាន់ និងបង្ហាញខ្លួនបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានតួនាទីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។
ការចូលរួមនេះត្រូវបានអ្នកវិភាគយល់ថា រដ្ឋាភិបាលកម្ពុជាថ្មីអាចប្រើប្រាស់វេទិកាតំបន់ធំនេះ ក្នុងការបន្តរកច្រកចេញលើវិបត្តិមីយ៉ាន់ម៉ា ដោយកកម្ពុជានៅតែដើរតួនាទីសំខាន់ព្រោះបានត្រួសត្រាយផ្លូវជាច្រើន កាលពីធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។
ក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានបញ្ហាតំបន់មួយរូប បានថ្លែងប្រាប់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាវេទិកាតំបន់ដ៏ធំដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលឡើងកាន់តំណែងមិនទាន់បានពីរសប្តាហ៍ស្រួលបួលផង។
លោកបានបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវជួបតំណាងប្រទេសចំនួន១៨ទាំងសមាជិកអាស៊ាននិងដៃគូខណៈលោកជាមេដឹកនាំក្មេងជាងគេក្នុងវ័យ៤៥ឆ្នាំ ប៉ុន្តែជាឱកាសបង្ហាញមុខដែលអាចបង្កជាទីចាប់អារម្មណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនិងថ្នាក់ដឹកនាំនានា។
សម្រាប់លោក ពុយ គា យល់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត អាចប្រើប្រាស់មរតកនយោបាយពីជំនាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់បន្តដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបានក្នុងវេទិកាអាស៊ាន ក្នុងកម្រិតផ្តល់អនុសាសន៍ និងបង្ហាញផ្លូវដល់ឥណ្ឌូនេស៊ី ជាពិសេសប្រទេសឡាវដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ខាងមុខ ព្រោះកម្ពុជាមានបទពិសោធន៍ និងទំនាក់ទំនង ពិសេសជាមួយក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា។
លោកសង្កត់ធ្ងន់ថា ៖ «ក្នុងវិបត្តិមីយ៉ាន់ម៉ា កម្ពុជានៅតែដើរតួនាទីសំខាន់ ដោយសារកម្ពុជាបានធ្វើច្រើន ត្រួសត្រាយផ្លូវច្រើន ដែលបទពិសោធន៍ទាំងនោះ ព្រមទាំងទំនាក់ទំនងពិសេសដែលធ្លាប់មាន»។
លោកបន្ថែមថា បញ្ហាមីយ៉ាន់ម៉ានឹងត្រូវធ្លាក់ក្នុងដៃប្រធានអាស៊ានបន្តពីឥណ្ឌូនេស៊ី គឺឡាវ នៅឆ្នាំក្រោយ ព្រោះស្ថានភាពបានខិតដល់ចុងអាណត្តិរបស់ឥណ្ឌូនេស៊ីទៅហើយ ដែលអន្តរជាតិព្យាករណ៍ថា ឡាវនឹងមិនអាចធ្វើអ្វីបានច្រើនឡើយក្នុងវិបត្តិនេះ ដែលកម្ពុជាអាចបង្ហាញផ្លូវបាន។
ស្រដៀងគ្នានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដែរថា វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាអាស៊ានដំបូងនេះពិតជាមានសារៈសំខាន់ដើម្បីបង្ហាញខ្លួនជាលើកទី១ ជាមួយមេដឹកនាំអាស៊ាន និងដៃគូសន្ទនា និងដើម្បីជានិមិត្តរូបនយោបាយ ឬហៅថាធម្មានុរូបភាពដែលជាការទទួលស្គាល់របបដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
នៅក្នុងវិបត្តិមីយ៉ាន់ម៉ា បណ្ឌិត គិន ភា យល់ថា កម្ពុជាតាមរយៈរដ្ឋាភិបាលថ្មីគួរប្រើប្រាស់វេទិកាអាស៊ានដើម្បីបន្តជំរុញដល់ភាគីពាក់ព័ន្ធក្នុងជម្លោះ ធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទ ឬកុងសង់ស៊ីស ៥ចំណុចដែលអាស៊ានដាក់ចេញកន្លងមក និងជំរុញឲ្យគ្រប់ភាគីជម្លោះបានចួលតុចរចាដោយមិនត្រូវផាត់ចោលផ្នែកណាមួយឡើយ។
លោកថា ៖ «ចំណុចស្លាប់រស់ ធ្វើយ៉ាងណារកច្រកទ្វារការទូតក្រៅផ្លូវការបែបណា ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំងឱ្យព្រមទទួលយកលក្ខខណ្ឌដែលបានកំណត់ក្នុងកុងសង់ស៊ីស ៥ចំណុច ដែលភាគីយោធាជាផ្នែកសំខាន់»។
លោកបានបន្ថែមដែរថា រដ្ឋាភិបាលកម្ពុជាថ្មី ត្រូវបន្តជំរុញយន្តការដែលរដ្ឋាភិបាលអាណត្តិមុនបានខិតខំត្រួសត្រាយផ្លូវ ជាពិសេសការចែករំលែកនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជានៅក្នុងវេទិកាអាស៊ាន។
រដ្ឋាភិបាលកម្ពុជាគួរធ្វើការជាមួយក្រុមប្រទេសដែលមានឥទ្ធិពលខ្លាំងទៅលើរបបសឹកយោធាមីយ៉ាន់ម៉ា រួមមាន ចិន រុស្ស៊ី ឥណ្ឌា ជាដើម ព្រោះរបបសឹកបានយកប្រទេសមហាអំណាចទាំងនេះជាខ្នងបង្អែក មិនព្រមចូលតុចរចា ឬនិយាយដោយសាមញ្ញ ប្រទេសទាំងនេះ ជាអ្នកបន្តគាំទ្ររបបក្រុងណៃពិដោឲ្យនៅបន្តរស់បាន។ នេះបើតាមការបន្ថែមពីលោក គិន ភា។
សូមបញ្ជាក់ថា ក្រសួងការបទេសកម្ពុជាបានតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញាថា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមជាមួយថ្នាក់ដឹនាំផ្នែកឯកជនសំខាន់ៗរបស់កម្ពុជានឹងទៅចូលរូមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីហ្សាកាតា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ខាងមុខ តាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានប្តូវេនអាស៊ាន២០២៣ នេះ។
ប្រភពដដែលថា ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាន បានកំណត់យកមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលក្នុងកិច្ចប្រជុំនោះក៏នឹងមានការពិភាក្សាលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗពីថ្នាក់ដឹកនាំអាស៊ាន និងកិច្ចការសន្តិសុខតំបន់ និងអន្តរជាតិផងដែរ។
សូមរម្លឹកដែរថា វិបត្តិមីយ៉ាន់ម៉ា បានអូសបន្លាយពេលរយៈពេលជាងបីឆ្នាំមកហើយ តាំងពីរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលវិបត្តិនេះបានរសាត់ក្នុងអាណត្តិប្រធានអាស៊ានពីព្រុយណេ មកកម្ពុជា រហូតនៅក្នុងដៃឥណ្ឌូនេស៊ីឆ្នាំនេះ ប៉ុន្តែនៅមិនទាន់រកច្រកចេញបាននៅឡើយទេ។
វិបត្តិនេះបានបង្កសោកនាដកម្មដោយបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងធ្វើឱ្យជនស៊ីវិលស្លាប់និងរបួសជាច្រើននាក់ទៀតផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា
