សម្ដេចធិបតី ហ៊ុន ម៉ាណែត តម្រូវឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួង បែងចែកភារកិច្ចជូន រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការត្រឹមសប្តាហ៍ក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានក្រើនរំឮកទៅកាន់រដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានាដែលមិនទាន់ធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ដល់ថ្នាក់ដឹកនាំជូន រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើការបែងចែកតួនាទីឱ្យរួចរាល់នៅក្នុងសប្តាហ៍ក្រោយនេះ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារនៅក្នុងក្រសួងដែលចំណុះឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។

ការណែនាំនេះបន្ទាប់ពីព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមន្រ្តីក្នុងជួររាជរដ្ឋាភិបាលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមបណ្តាក្រសួង ប៉ុន្តែថ្នាក់ដឹកនាំទាំងនោះ នៅពុំទាន់ទទួលបានការចាត់តាំងភារកិច្ចនៅឡើយនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដូចនេះ តាមរយៈសារសំឡេងដែលលោកបានថ្លែងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

សម្ដេចធិបតីបានថ្លែងថា ៖ «កិច្ចការងារចំនួនបីចំណុចដែលត្រូវធ្វើ ក្នុងនោះ ទី១ ចំពោះក្រសួងដែលមិនទាន់ធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ត្រូវរួសរាន់ធ្វើឱ្យចប់ក្នុងសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការរបស់ក្រសួង និងស្ថាប័ន»។ ចំណុចទី២ ក្នុងការកំណត់ការបែងចែកភារកិច្ច និងការទទួលខុសត្រូវនេះ ដាច់ខាតត្រូវធានាឱ្យបាននូវការបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃទៅក្នុងការដឹកនាំផ្ទាល់ លើការងាររបស់អង្គភាពជំនាញរបស់ក្រសួង-ស្ថាប័ន ដោយមិនឆ្លងឬដោយរំលងឋានានុក្រុមបច្ចេកទេស។ ទី៣ លោកថា ចំពោះមុខត្រូវខិតខំធានាឱ្យបាននូវនិរន្តរភាព និងស្ថិរភាពនៃការអនុវត្តការងារនៅក្នុងស្ថាប័ន នៅក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារ ក្នុងថ្នាក់បច្ចេកទេស និងការរៀបចំមន្រ្តីឡើងវិញ។

លោកបន្ថែមថា ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ ចាត់តាំងប្រគល់ភារកិច្ចជូនមន្រ្តីដោយផ្អែកលើមូលដ្ឋាន ការប្រមូលផ្តុំមន្រ្តីទាំងអស់ជាកម្លាំងសរុបរបស់ស្ថាប័ន តាមរយៈការធ្វើសុខដុមរមណីយកម្ម និងការរៀបចំឱ្យមន្រ្តីចាស់ដែលមានបទពិសោធន៍ និងជំនាញ និងមន្រ្តីថ្មីដែលជាកម្លាំងថ្មី បានរួមធ្វើការជាមួយគ្នាតាមទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ធ្វើយ៉ាងនេះគឺសំដៅលើកកម្ពស់ សមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។

ជុំវិញបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត គិន ភា បង្ហាញការយល់ស្របចំពោះការក្រើនរំឭកដាស់តឿនពីសំណាក់នាយករដ្ឋមន្រ្តីដែលបានស្នើឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួង និងរដ្ឋលេខាធិការដ្ឋាន ប្រញាប់បែងចែកភារកិច្ចទៅដល់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

លោកប្រាប់ឱ្យដឹងថា ៖ «យើងឃើញថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២២ខែសីហា មកដល់ពេលនេះ មានរយៈពេល ១០ថ្ងៃហើយ។ អ៊ីចឹង ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងគួរតែត្រូវបានរៀបចំរួចរាល់ដើម្បីធានាបាននូវ និរន្តរភាព ប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធិភាព និងការងារនៅតាមបណ្តាក្រសួងស្ថាប័ន»។

លោក គិន ភា បន្តថា មួយទៀត ដើម្បីកុំឱ្យមានបញ្ហាសតិអារម្មណ៍ផ្ទៃក្នុងអង្គភាព ដោយសារយើងដឹងថាភាគច្រើន រដ្ឋមន្រ្តីដែលជាប្រធានស្ថាប័ននោះ គឺជាថ្នាក់ដឹកនាំថ្មីវ័យក្មេង ដូច្នេះបើសិនជាទុកយូរ មិនមានការបែងចែកភារកិច្ចឱ្យបានលឿន អាចធ្វើឱ្យមានបញ្ហាសតិអារម្មណ៍ឬក៏អាចធ្វើដាច់និរន្តរភាពការងារ និងកកស្ទះការងារជាដើម។

បើតាមលោក គិន ភា អ្វីដែលលោកមើលឃើញ គឺការបែងចែកភារកិច្ចនោះហាក់ដូចជានៅមានភាពយឺតយ៉ាវក៏ប្រហែលជារដ្ឋមន្រ្តីដែលជាស្ថាប័ន ត្រូវពិនិត្យពិចារណា សិក្សាគុណវុឌ្ឍិ លក្ខណៈសម្បត្តិរបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តាមបណ្តាក្រសួងស្ថាប័នឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

លោកថា ត្បិតយើងដឹងហើយថានៅបណ្តាក្រសួងស្ថាប័ន មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក៏ច្រើនដែរ ហើយរដ្ឋមន្រ្តីថ្មីដែលទើបមកកាន់គ្រប់គ្រងក្រសួក៏ត្រូវការពេលវេលាដើម្បីសិក្សាពីបទពិសោធន៍ សមត្ថភាព អតីតភាព ក៏ដូចជាចំណេះដឹង សញ្ញាបត្រមន្រ្តី ធ្វើយ៉ាងណាដើម្បីឱ្យការបែងចែកភារកិច្ចនោះ គឺវាមានប្រសិទ្ធភាពហើយឆ្លុះបញ្ចាំងទៅនឹងចំណេះជំនាញ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈរបស់មន្រ្តី៕ ដោយ៖ សុខ រក្សា

ads banner