រថយន្តក្រុងក្រុមហ៊ុនរតនៈសម្បត្តិក្រឡាប់នៅមណ្ឌលគីរី រងរបួស៤នាក់
មណ្ឌលគីរី៖ មនុស្សចំនួន០៤នាក់ ក្នុងចំណោម១៣នាក់ ដែលជិះនៅលើរថយន្តក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិ បានរងរបួស ក្រោយពេលដែលរថយន្តនោះបានក្រឡាប់ដោយខ្លួនឯង កាលពីម៉ោង៤ និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ១២៩ និង១៣០ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
នគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានបញ្ជាក់ថា អ្នកបើកបរឈ្មោះ ឈុន ចំរើន ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរនេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរត់គេចខ្លួន ក្រោយរថយន្តនោះបានក្រឡាប់ ហើយនគរបាលក៏កំពុងតែស្រាវជ្រាវ ដើម្បីឃាត់ខ្លួនអ្នកបើកបរផងដែរ។ នគរបាលចរាចរណ៍បានបញ្ជាក់ថា ជនរងគ្រោះចំនួន៤នាក់ ដែលក្នុងនោះមានប្រុសចំនួន៣នាក់ និងស្ត្រីម្នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី ហើយសភាពនៃរបួស គឺស្រាលតែប៉ុណ្ណោះ ចំណែកមនុស្សផ្សេងទៀត គឺពុំមានរងរបួសអ្វីឡើយ។
នគរបាលចរាចរណ៍បញ្ជាក់បន្ថែមទៀតថា មូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់ គឺដោយសារតែ អាកាសធាតុ មានចុះអព្ទ និងមេឃភ្លៀង។ ក្នុងពេលដែលក្រឡាប់ រថយន្តបានបង្កឲ្យខូចប្រលាយទឹកហូរអស់៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់ពីរដើម។ រថយន្តត្រូវបានមន្ត្រីជំនាញអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕ម.ន ដោយៈ សាត ចាន់បុត្រ