អធិការខណ្ឌសែនសុខ ដឹកនាំកម្លាំងចម្រុះដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កងកម្លាំងនគរបាលទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងច្បាប់ចរាចរណ៍ដោយម៉ឺងម៉ាត់បំផុត។
លោក ស ថេត បានបញ្ជាក់ថា ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្ដើមនៅតាមបណ្ដាគោលដៅនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសរឹតបន្តឹងចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
កាលពីម៉ោង០៨យប់ ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងក្រោមឱវាទផ្ទាល់ ចុះគោលដៅនៅចំណុចក្បែរសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ ផ្លូវលេខ១០១៩ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍។
ក្នុងនោះផងដែរ សមត្ថកិច្ចរបស់លោកបានឃាត់ម៉ូតូជាច្រើនគ្រឿងមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ ដោយបងប្អូនមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើក និងអ្នករួមដំណើរ រហូតទាល់តែទៅយកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យទៅបាន។ សូមបញ្ជាក់ក្នុងរយ:ពេលមួយខែនៃការផ្សព្វផ្សាយ និងណែនាំនេះ គឺពុំមានការផាកពិន័យឡើយ៕ធ.ដ