បង្ក្រាបបានក្រុមចោរគប់វាយប្លន់ម៉ូតូចំនួន៤នាក់ នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមចោរប្លន់ ដែលតែងតែធ្វើសកម្មភាពអុកឡុកគុបដោយដុំថ្ម និងយកខ្សែក្រវាត់លបឆ្មក់វាយប្លន់ម៉ូតូ និងសម្ភារមានតម្លៃផ្សេងៗ (ក្នុងអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា) ទៅលើប្រជាពលរដ្ឋខ្លះបណ្ដាលឲ្យបែកក្បាល មិនបានសម្រេចចំនួន៣លើកមកហើយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបបានហើយ ចំនួន៤នាក់ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ នេះបើយោងតាមរបាយការណ៍ដែលភ្នាក់ងារព័ត៌មានទទួលបាននៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍របស់នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ចំពោះការតាមស៊ើបអង្កេត រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពអុកឡុកគុបដោយដុំថ្ម និងយកខ្សែក្រវាត់លបឆ្មក់វាយ បង្កអន្តិសុខ ដើម្បីប្លន់ម៉ូតូ និងសម្ភារមានតម្លៃផ្សេងៗ ពីប្រជាពលរដ្ឋ មិនបានសម្រេច៣លើក ចំនួន៤នាក់នេះ គឺបានចាប់ផ្ដើមប្រតិបត្តិការឡើងនៅមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងជិត១០យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ ដោយឡែក បក្ខពួកជនសង្ស័យម្នាក់ទៀត ឃាត់ខ្លួនបាននៅចំណុចមជ្ឈមណ្ឌលព្យាបាលអប់រំដោយសារធាតុញៀនគ្រប់ប្រភេទ នៃសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា មានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្អាង ខេត្តកណ្តាល នៅម៉ោង០៨យប់ថ្ងៃទី២៧ ខែកក្កដា។

នៅក្នុងរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យទី១)ឈ្មោះ ទូច ប្រុស អាយុ២២ឆ្នាំ មុខរបរលក់ខោអាវ ទី២)ឈ្មោះ ចាន់ ពិសាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងធ្វើតុទូ ទី៣)ឈ្មោះ ថា សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក និងទី៤-ឈ្មោះ យាង ផាណេត ហៅ ចយ ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនសង្ស័យទាំង៤ ស្នាក់នៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

របាយការណ៍បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដើម្បីយកមកសាកសួរជាច្រើនម៉ោងតាមជំនាញ ពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា បានយកដុំថ្មគប់ និងយកខ្សែក្រវាត់វាយយកម៉ូតូមិនបានសម្រេចកន្លងមក ចំនួន០៣ករណីមកហើយរួមមាន៖

ករណីទី១-ប្រព្រឹត្តនៅមុខសាលារៀនចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង០២៖០០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។ ឯជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ ឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅផ្ទះលេខ៧៩អា ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីទី២-យកដុំថ្មគប់ និងយកខ្សែក្រវាត់វាយយកម៉ូតូចំនួន២គ្រឿង ប្រព្រឹត្តនៅមុខគ្លីនិចចាក់អង្រែក្រោមផ្ទះលេខ៥៦ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង០៥៖១០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ ជនរងគ្រោះមិនមានរបួសនោះទេមានឈ្មោះ ចៅ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ ជូ វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបុរីពីភពថ្មី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ករណីទី៣-យកដុំថ្មគប់ប្លន់យកម៉ូតូមិនបានសម្រេចដដែល ប្រព្រឹត្តនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង០១៖៤០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះមិនមានរបួសនោះទេ ឈ្មោះ ប៊ែល គឹមហោ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner