ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន

ភ្នំពេញ៖ «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងអំឡុងជំនួបពិភាក្សាការងារនិងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។ ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងផងដែរថាការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវគឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនដល់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។

លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានចែករំលែកទស្សនៈជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕

ប្រភព ៖ ក្រសួងព័ត៌មាន
រូបថត៖ ខឹម សុវណ្ណារ៉ា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner