ជប៉ុន បានបាញ់បង្ហោះយានរុករកភពព្រះចន្ទ SLIM បានជោគជ័យទៅកាន់លំហអាកាស
តូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ៦ ខែកញ្ញា ម្សិលមិញ ប្រទេសជប៉ុនបានបាញ់បង្ហោះយានរុករកភពព្រះចន្ទរបស់ខ្លួន ទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ H-IIA ដែលនេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់ជប៉ុន ដែលនឹងក្លាយទៅជាប្រទេសទី៥ ដែលបានចុះចតជោគជ័យនៅលើផ្ទៃព្រះចន្ទនៅដើមឆ្នាំក្រោយនេះ។
ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានឱ្យដឹងថា គ្រាប់រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលអវកាសតានេហ្កាស៊ីម៉ា (Tanegashima) នៅភាគខាងត្បូងប្រទេសជប៉ុន ទៅតាមការគ្រោងទុករបស់ពួកគេ ហើយបានផ្ដាច់ខ្លួនយានរុករកផ្ទៃព្រះចន្ទ (SLIM) ចេញបានដោយជោគជ័យ។
គួររំឭកថា ដោយសារតែអាកាសធាតុមិនអំណោយផល បានធ្វើឱ្យជប៉ុនពន្យារពេលបាញ់បង្ហោះរហូតដល់ទៅបីដងកាលពីខែមុន។
បេសកកម្មរបស់ជប៉ុននេះ ត្រូវបានគេហៅថាជា “អ្នកលបបាញ់ព្រះចន្ទ” ឬហៅថា SLIM ដែលជប៉ុននឹងធ្វើការចុះចតក្នុងចម្ងាយ ១០០ ម៉ែត្រពីគោលដៅរបស់វានៅលើផ្ទៃព្រះចន្ទ។ បេសកកម្មដែលបានចំណាយទឹកប្រាក់ចំនួន ១០០ លានដុល្លារនេះ ត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅដល់ឋានព្រះចន្ទនៅខែកុម្ភៈ ឆ្នាំ២០២៤។
គួរដឹងដែរថា ការបាញ់បង្ហោះនេះធ្វើឡើងនៅរយៈពេលពីរសប្តាហ៍បន្ទាប់ពីឥណ្ឌាបានក្លាយជាប្រទេសទី៤ ដែលបានចុះចតដោយជោគជ័យនូវយានអវកាសរបស់ខ្លួននៅលើភពព្រះចន្ទ តាមរយៈបេសកកម្មចាន់ដ្រាយ៉ានទី៣ (Chandrayaan-3) ដែលជាបេសកកម្មរុករកតំបន់ប៉ូលខាងត្បូងព្រះចន្ទ។ តំបន់ប៉ូលខាងត្បូងនេះ ជាតំបន់ដែលមិនទាន់មានប្រទេសណាមួយ ធ្លាប់បានធ្វើដំណើរទៅដល់នៅឡើយទេ។
កាលពីឆ្នាំ២០២៣ ជប៉ុនក៏ធ្លាប់បានព្យាយាមចុះចតចំនួនពីរដងនៅលើភពព្រះចន្ទផងដែរ ប៉ុន្តែបានបរាជ័យទាំងពីរលើក។ សម្រាប់លើកទី១ទីភ្នាក់ងាររុករកអវកាសជប៉ុនបានបាត់បង់ទំនាក់ទំនងជាមួយយានចុះចតប្រភេទអូម៉ូទេណាស៊ី (OMOTENASHI) ហើយបានសម្រេចចិត្តលុបចោលការប៉ុនប៉ងចុះចតក្នុងខែវិច្ឆិកា។ សម្រាប់លើកទី២ វិញ យានរុករកប្រភេទហាគូតូ អ៊ា មីសសិនទី១ (Hakuto-R Mission 1) ដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុនអាយស៉្បេស (ispace) បានធ្លាក់កាលពីខែមេសា អំឡុងពេលដែលបានព្យាយាមចុះចតនៅលើផ្ទៃព្រះចន្ទ។
ដោយឡែក គ្រាប់រ៉ុក្កែតប្រភេទ H-IIA ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍នេះ បានផ្ទុកផ្កាយរណបប្រភេទ XRISM សម្រាប់ថតរូបកាំរស្មីអ៊ិច ដែលជាគម្រោងសហការជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន ភ្នាក់ងារណាសា (NASA) និងទីភ្នាក់ងារអវកាសអឺរ៉ុប។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy Industries ជាក្រុមហ៊ុនដែលបានផលិតគ្រាប់រ៉ុក្កែតនេះឡើង។ ហើយវាគឺជាគ្រាប់រ៉ុក្កែត H-IIA លើកទី៤៧ ដែលជប៉ុនបានបាញ់បង្ហោះរាប់តាំងពីឆ្នាំ២០០១ ធ្វើឱ្យអត្រាជោគជ័យបានខិតជិតរហូតដល់ទៅ ៩៨%។
មួយរយៈនេះ ទីភ្នាក់ងាររុករកអវកាសជប៉ុន បានផ្អាកការបាញ់បង្ហោះគ្រាប់រ៉ុក្កែត H-IIA ដែលបានដឹកយាន SLIM អស់រយៈពេលជាច្រើនខែ ដោយសារតែត្រូវចំណាយពេលស៊ើបអង្កេតពីមូលហេតុនៃការបរាជ័យរបស់គ្រាប់រ៉ុក្កែតប្រភេទ H3 កាលពីខែមីនា។
កន្លងមក បេសកកម្មអវកាសរបស់ប្រទេសជប៉ុនបានប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើន ដូចជាការបាញ់បង្ហោះគ្រាប់រ៉ុក្កែតប្រភេទ Epsilon មិនបានជោគជ័យក្នុងខែតុលា ឆ្នាំ២០២២ និងការផ្ទុះម៉ាស៊ីនក្នុងអំឡុងពេលធ្វើតេស្តកាលពីខែកក្កដា។ យ៉ាងណាក៏ដោយ ប្រទេសនេះបានដាក់ផែនការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឱ្យបានមុនឆ្នាំ២០៣០៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters Japan launches ‘moon sniper’ lunar lander SLIM to space