ប្រទេសថៃ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបទៅទីអវកាសនៅខែតុលា
ថៃ៖ ប្រទេសថៃបានកំណត់ពេលបាញ់បង្ហោះផ្កាយរណប Thailand Earth Observation Satellite 2 (THEOS-2) នៅខែតុលាឆ្នាំ២០២៣ នេះ។ THEOS-2 គឺជាផ្កាយរណបចម្បង ដែលថៃនឹងបាញ់បង្ហោះទៅកាន់ទីអវកាស ដើម្បីបំពេញបេសកកម្មអង្កេតផែនដីរបស់ខ្លួន។
បន្ទាប់ពីត្រូវបានបង្កើត និងសាកល្បងដោយជោគជ័យហើយ ផ្កាយរណប THEOS-2 ត្រូវបានផ្ទេរពី Airbus Defense and Space ក្នុងទីក្រុង Toulouse ប្រទេសបារាំង ទៅកាន់ទីតាំងបាញ់យានអវកាសអឺរ៉ុប នៅក្នុងតំបន់ French Guiana អាមេរិកខាងត្បូង។
តាមពិតទៅ THEOS-2 មិនមែនជាផ្កាយរណបដំបូងរបស់ថៃនោះទេ តែផ្កាយរណបទើបបញ្ចប់ប្រតិបត្តិការឈ្មោះ Thaichote ឬ THEOS-1 ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០០៨ គឺជាផ្កាយរណបអង្កេតផែនដីដំបូងរបស់ប្រទេសថៃ។
យ៉ាងណា THEOS-2 គឺជាផ្កាយរណបអង្កេតផែនដី ដែលត្រូវបានរចនាឡើងដើម្បីបន្តអនុវត្តគោលដៅពីផ្កាយរណប THEOS-1។ គោលដៅរបស់ THEOS-2 គឺដើម្បីជំរុញដល់ការរីកចំរើន និងការប្រើប្រាស់បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យាសម្រាប់ការអភិវឌ្ឍន៍ប្រទេសថៃ។
THEOS-2 ដែលមានទម្ងន់ ៤២៥ គីឡូក្រាម អាចចាប់យករូបភាពដែលមានកម្រិតច្បាស់ ជាមួយនឹង resolution ទំហំ ៥០ សង់ទីម៉ែត្រ។ វាក៏ជាផ្កាយរណប ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការត្រួតពិនិត្យភូមិសាស្ត្រទាំងក្នុង និងក្រៅប្រទេសថៃផងដែរ។
ការបាញ់បង្ហោះ THEOS-2 នឹងគាំទ្រដល់ការអភិវឌ្ឍន៍ បច្ចេកវិទ្យាអវកាស និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ប្រទេសថៃចំនួន ៤ រួមមាន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាអវកាស ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឧស្សាហកម្មអវកាស និងការអភិវឌ្ឍសេវាកម្មព័ត៌មានវិទ្យា។
វាក៏នឹងពង្រឹងសេវាកម្មនៅក្នុងវិស័យសំខាន់ៗចំនួន ៦ផងដែររួមមាន៖ ការធ្វើផែនទី វិស័យកសិកម្ម សន្តិសុខស្បៀង ការគ្រប់គ្រងលំហូរទឹក ការគ្រប់គ្រងគ្រោះមហន្តរាយ និងភូមិសាស្ត្រ ការរៀបចំផែនការច្រករបៀងទីក្រុង សេដ្ឋកិច្ច ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.straitstimes.com/asia/se-asia/thailand-scheduled-to-launch-satellite-into-space-in-october