ក្រុមវិសាខា បំបាក់ អគ្គិសនីកម្ពុជា ៧-០ សប្តាហ៍ទី១៧ ខណៈក្រុមគីរីវង់ ២-០ អាស៊ីអឺរ៉ុប ជើងទី២ ក្របខ័ណ្ឌលីគកំពូល ២០១៩
ក្រុមភ្ញៀវ វិសខា បានបំបាក់ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា មិនឲ្យតដៃរួច ដោយលទ្ធផល ៧-០ នៅក្នុងការប្រកួតសប្តាហ៍ទី១៧ ជើងទី២ ក្របខ័ណ្ឌលីគ រដូវកាល ២០១៩ កាលពីចុងសប្តាហ៍នេះ ខណៈ៦ ក្រុមខ្លាំងៗផ្សេងទៀត ក៏បានស្វែងរកបាន៣ពិន្ទុដូចៗគ្នាពីលើគូប្រកួតរៀងៗខ្លួន មិនមានលទ្ធផលណាមួយស្មើគ្នាឡើយ។ ៧គ្រាប់ របស់វិសាខាធ្វើសម្រេចដោយកីឡាករ កែវ សុខផេង, AJAYI ៣គ្រាប់, DA CRUZ ២គ្រាប់ និង កីឡាករ ស៊ិន កក្កដា ដូច្នេះក្រុមវិសខាធ្វើសម្រេចបាន៣ពិន្ទុបន្ថែមសម្រាប់សប្តាហ៍ទី១៧ នៅជើងទី២នេះ។
ដោយឡែកលទ្ធផល៦ប្រកួតផ្សេងទៀត រួមមាន៖ អង្គរថាយហ្គឺរ យកឈ្នះយុវជនបាទី ៨-៣, ការពារជាតិ យកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២, គីរីវង់សុខសែនជ័យយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០, បឹងកេតយកឈ្នះខេត្តកំពង់ចាម ២-០, ណាហ្គវើលដ៍ ឈ្នះសូលទីឡូអង្គរ ៣-០ ខណៈភ្នំពេញក្រោនប្រកួតចាញ់ ព្រះ ខ័នរាជស្វាយរៀង ដោយលទ្ធផល ២-៥។
សូមបញ្ជាក់ថា សម្រាប់តារាងពិន្ទុនាសប្តាហ៍ទី១៧នេះ ក្រុមលើកំពូលតារាងនៅតែបន្តក្តោបក្តាប់ដោយ ក្រុមព្រះខ័នរាជស្វាយរៀង ដោយ១៧ប្រកួតកន្លងទៅនេះមិនទាន់មានក្រុមណាមួយបំណែកកំណត់ត្រាមិន ស្គាល់របស់ព្រះខ័នរាជស្វាយរៀងនៅឡើយ ដោយពេលនេះ ព្រះខ័នរាជស្វាយរៀងមាន៤៥ពិន្ទុ តាមពីក្រោយ ដោយណាហ្គាវើលដ៍ មាន៤០ពិន្ទុ និងក្រុមអង្គរថាយហ្គឺរឈរនៅលេខ៣ មាន៣៧ពិន្ទុ៕ធ.ដ





