ប៉ូលិស​ហូឡង់​ចាប់​ខ្លួន​សកម្មជន​​អាកាស​ធាតុ​​ជាង​ ២ ៤០០ នាក់​ ជុំ​វិញ​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សំខាន់​

ឡាអេ៖ប៉ូលិស​ហូឡង់បាន​ចាប់​ខ្លួន​សកម្មជន​អាកាស​ធាតុ​ជាង​ ២ ៤០០ នាក់​ ជុំ​វិញ​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​​ហាយវ៉េ​ដ៏សំខាន់មួយកាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ទាម​ទារ​ឱ្យ​បញ្ចប់​ការ​ឧបត្ថម្ភធន​របស់​រដ្ឋា​ភិបាល​លើ​​ឧស្សាហកម្ម​ឥន្ធនៈ​ហ្វូស៊ីល​។​ 

​​​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​និយាយ​ថា​ ប៉ូលិស​បាន​​ដាក់​កាណុង​បា​ញ់​ទឹក​ ដើម្បី​បំបែក​ក្រុម​បាតុករ​។

ប្រជាជន​​​ជាង​ ១០ ០០០ នាក់​ បាន​ដើរ​ដង្ហែ​តាម​​ផ្លូវ​ហាយវ៉េ​ ​​A12 ​ទៅ​កាន់​ទីក្រុង​ឡាអេ​ ដោយ​​មិន​ស្ដាប់​ការ​ព្រមាន​ពី​អាជ្ញាធរ​​ហូឡង់​ថា​កុំ​ឱ្យ​មាន​ការ​បិទ​ផ្លូវ​ដែល​សំខាន់​ៗ​​។ ប៉ូលិ​ស​ហូឡង់​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ ពួក​គេ​បាន​ឃុំ​ខ្លួន​បាតុករ​ចំនួន​ ២ ៤០០ នាក់​ រួម​ទាំង​​អនីតិជន​ផង​ដែរ​ ខណៈ​មិន​​មាន​​របាយការណ៍​​ដែល​ថា​ ​វិធានការ​របស់​ប៉ូលិសបង្ក​ការ​រង​របួស ​​​​ឬ​យ៉ាង​ណា​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម​ Extinction Rebellion ​​បាន​ព្រមាន​​ថា​ ខ្លួន​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​រដ្ឋា​ភិបាល​នៃ​ប្រទេស​ហូឡង់​ ឈប់​ប្រើ​ប្រាស់​មូលនិធិ​សាធារណៈ​ដើម្បី​ឧបត្ថម្ភធន​ដល់​ឧ​ស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​។​​

គួរ​​បញ្ជាក់​ថា​ មុន​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ មាន​សេចក្ដី​រាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​ថា​ រដ្ឋាភិបាល​ហូឡង់​​ផ្ដល់​​ទឹក​ប្រាក់​ចំនួន​ ៤០,៥ ប៊ីលាន​ដុល្លារ​ នៅ​ក្នុង​​ការ​ឧបត្ថម្ភធន​ដែល​រង​ការ​​ប្រឆាំង​នា​ពេល​នេះ ស្រប​ពេ​ល​​ដែល​​ហូឡង់​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រឿយ​ៗ​ថា​ជា​ប្រទេស​នាំ​មុខ​គេ​​ខាង​ថាមពល​កកើត​ឡើង​វិញ​ និង​​គោ​ល​​នយោបាយដែល​មាន​សារៈ​សំខាន់​ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​​អាកាសធាតុ។​

​រដ្ឋ​មន្ត្រី​ក្រសួង​អាកាស​ធាតុ​ និង​ថាម​ពល​លោក​ Rob Jetten ​បាន​ទទួល​ស្គាល់​ថា​ ប្រទេស​នេះ​ត្រូវ​តែ​បញ្ចប់​កា​រ​ឧបត្ថម្ភ​ធនលើ​វិស័យ​​ឥន្ធនៈ​ហ្វូស៊ីល​​ ប៉ុន្តែ​មិន​បាន​ផ្តល់​ពេល​វេលា​កំណត់​នោះ​ទេ​។​

សកម្មជន​អាកាស​ធាតុ​ម្នាក់​ ឈ្មោះ​ Yolanda de Jager បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ថា​៖ «​បញ្ហា​នេះ​​សំខាន់​ជាង​យើង​ទៅ​ទៀត​។​ នេះ​​​ជា​​ការ​​ព្រួយ​​បារម្ភ​​របស់​​ពិភព​លោក​​ទាំង​​មូល​»​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Netherlands police use water cannon, detain 2,400 climate activists  

ads banner