រដ្ឋាភិបាលហុងកុង ថ្កោលទោសក្រុមបាតុករដែលព្យាយាមសម្រុកចូលក្នុងការិយាល័យ តំណាងរដ្ឋាភិបាលចិន ខណៈមនុស្ស៤៩នាក់ត្រូវចាប់ខ្លួន

ហុងកុង៖ អ្នកនាំពាក្យរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដោយបានថ្កោលទោសការប្រើហិង្សា អំឡុងហ្វូងបាតុករព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលគំរាមកំហែងដល់សុខសុវត្ថិភាពប៉ូលិស និងប្រជាជនក្នុងតំបន់។

បាតុកម្មតវ៉ានេះ មុនដំបូងឡើយធ្វើឡើងដោយសន្តិវិធី ប៉ុន្តែវាបានផ្ទុះទៅជាអំពើហិង្សា បន្ទាប់ពីបាតុករមួយចំនួនព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រលើក្រុមបាតុករ ខណៈមនុស្ស៤៩នាក់ត្រូវចាប់ខ្លួន។

សូមបញ្ជាក់បន្ថែមថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានឈានចូលដល់សប្ដាហ៍ទី៨ជាប់គ្នាហើយ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ បាតុកម្មតវ៉ានេះ ដឹកនាំដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ក៏ដូចជាទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាម ចុះចេញពីតំណែង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner