វិមានក្រឹមឡាំងថាជំនួបរវាងលោកពូទីននិងលោកគីមនឹងក្លាយ​ជាដំណើរទស្សនកិច្ចគ្រប់ជ្រុងជ្រោយ

មូស្គូ៖​ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមៀរ ប៉េស្កូវ(Dmitry Peskov) បាននិយាយថា ដំណើរ​ទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ​ទៅកាន់ប្រទេសរុស្ស៊ី និងជំនួបជាមួយ​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចគ្រប់ជ្រុងជ្រោយ ឬពេញលេញមួយ​។​

បើយោងតាមប្រភពព័ត៌មានមួយរបស់កូរ៉េខាងត្បូង អះអាងថា លោក គីម បានចេញ​ដំណើរទៅ​កាន់​ប្រទេ​ស​រុស្ស៊ីតាមរថភ្លើងពិសេសមួយ ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូកាលពីថ្ងៃចន្ទក៏បាន​បញ្ជាក់ពី​ជំ​នួប​កំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ​ ចំពេលរុស្ស៊ីកាន់តែ​មានភាព​ឯកោ​កាន់តែ​ខ្លាំងឡើ​ងចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។​

លោក Peskov បានបញ្ជាក់ឱ្យដឹងថា ប្រទេសទាំងពីរ នឹងមានកិច្ចពិភាក្សាផ្លូវការ​រវាងគណៈប្រតិភូ​ទាំងពីរ​ហើយបន្ទាប់​ពីនោះ ប្រសិនបើចាំបាច់ មេដឹកនាំទាំងពីរអាច​នឹងបន្តទំនាក់​ទំនងរបស់​ពួកគេក្នុង​ទម្រង់​មួយ​ទ​ល់​មួយ។

លោក Peskov បន្តថា​ប្រធានបទ​សំខាន់នៃ​កិច្ចពិភាក្សា គឺពង្រឹងទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

​ដោយឡែក សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ក៏​បានពណ៌នាពី​ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ​ថា ការជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺដោយសារអស់សង្ឃឹមក្នុងជម្លោះជាមួយ​នឹង​អ៊ុយក្រែន និងបានព្រមានជាថ្មីថា ប្រសិនបើមានកិច្ចព្រមព្រៀងសព្វាវុធណាមួយកើតឡើងនោះ ទណ្ឌ​កម្មរបស់​សហរដ្ឋអាមេរិក​បន្ថែមក៏កើតឡើងដែរ។​

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា ប្រធា​នាធិបតី​រុស្ស៊ី លោក ពូទីន បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន​ដោយ​ការឈ្លានពាន​ពេញទីរបស់​ខ្លួនជាមួ​យ​នឹងក្តីសុបិននៃការស្ដារឡើងវិញនូវភាពរុងរឿងនៃចក្រភពរុស្ស៊ី ក៏ប៉ុន្តែក្តីសង្ឃឹម ឬការរំពឹង​ទុកនោះកំពុងតែរងបរាជ័យ៕​

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Putin and Kim’s meeting will be full-scale visit, Kremlin says

ads banner