មន្ត្រីយុត្តិធម៌៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រោងដំណើរការឆាប់ៗនេះ
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រោងនឹងដាក់ដំណើរក្នុងពេលឆាប់ៗខាងមុខនេះពោលគឺអាចដំណើរការនៅចុងខែកញ្ញា ឬដើមខែតុលារ ដែលមកពេលនេះក្រសួងកំពុងប្រមូលធាតុចូលសំខាន់ៗលើលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរនេះ។ ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់បែបនេះកាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រសួងយុត្តិធម៌បានធ្វើវិបស្សនាលើកទី៦ ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានពិនិត្យ ពិភាក្សា និងរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងបានធ្វើវិបស្សនាលើកទី៦ នេះ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនានេះ រៀបចំឡើងក្រោយពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងបន្ថែមថា វិបស្សនាធ្វើឡើងក្នុងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។យន្តការនេះ មានសារៈសំខាន់ក្នុងការបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយមិនមានភាពស្មុគស្មាញលើនីតិវិធី មិនចំណាយពេលវេលាយូរ និងថវិការច្រើន ហើយរក្សាការសម្ងាត់រវាងភាគីជម្លោះ ខុសពីការប្រើយន្តការតុលាការ។
ឯកឧត្តមបន្តថា នៅពេលអាជ្ញាធរនេះដំណើរការនឹងជួយសម្រួលដល់បន្ទុក និងការកកស្ទះសំណុំរឿងនៅតុលាការ ខណៈពេលធនធានតុលាការកម្ពុជានៅមានកម្រិតទាំងហិរញ្ញវត្ថុ និងធនធានមនុស្ស។ លើសពីនេះ យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការនឹងជួយឱ្យមានសុខុដុមនីយកម្មក្នុងសហគមន៍ ខុសការប្រើតុលាការដែលកាត់សេចក្តីមានអ្នកឈ្នះ មានអ្នកចាញ់ បង្កជាវិវាទបន្ថែម ដែលបង្កបាតុភាពអាក្រក់និងអារិភាព ក្នុងមូលដ្ឋានផង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានសាទរចំពោះយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានអាជ្ញាធរទទួលបន្ទុកនេះ។
លោកថា យន្តការនេះ អាចជួយដោះបន្ទុកពលរដ្ឋក្នុងការចំណាយថវិកា និងពេលវេលាក្នុងការដោះស្រាយវិវាទតាមរយៈតុលាការ ព្រមទាំងកាត់បន្ថយវិវាទក្នុងសហគមន៍កើតចេញពីការប្តឹងផ្តល់គ្នា ជាពិសេសចំណោមវិវាទរដ្ឋប្បវេណី។ ដោយឡែកបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ ព្រហ្មទណ្ឌ ត្រូវតែដោះស្រាយក្នុងរវង្វង់តុលាការដដែល។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបានប្រមូលធាតុចូលសំខាន់ៗមួយចំនួនផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា