លោក ស្រេតថា រំពឹងថា ក្រុមហ៊ុន Tesla, Google, Microsoft នឹងបោះទុនវិនិយោគ ៥ពាន់លានដុល្លារក្នុងប្រទេសថៃ
បាងកក៖នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន នៅថ្ងៃទី២៤ ខែកញ្ញាបានថ្លែងថា ប្រទេសរបស់លោករំពឹងថា នឹងទទួលបានការវិនិយោគយ៉ាងហោចណាស់ ៥ពាន់លានដុល្លារពីក្រុមហ៊ុន Tesla, Google និង Microsoft។
នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា ក្រុមហ៊ុន Tesla កំពុងសម្លឹងមើលរោងចក្រផលិតរថយន្តអគ្គិសនី (EV) ខណៈពេលដែលក្រុមហ៊ុន Microsoft និង Google កំពុងសម្លឹងមើលមជ្ឈមណ្ឌលទិន្នន័យ។ ប៉ុន្តែជាមួយគ្នានេះ លោក ស្រេតថា មិនបានបញ្ជាក់លម្អិតថាតើប្រាក់ ៥ពាន់លានដុល្លារ ជាការវិនិយោគរួមគ្នា ឬធ្វើឡើងដោយក្រុមហ៊ុននីមួយៗនោះទេ។
រីឯក្រុមហ៊ុន Tesla, Google និង Microsoft ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយផងដែរ។ កាលពីសប្តាហ៍មុន លោក ស្រេតថា បាននិយាយជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk អំពីវិស័យរថយន្តអគ្គិសនី។
ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទីបួននៅអាស៊ី បាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់អ្នកផលិតរថយន្តអគ្គិសនី (EV) និងថ្ម ព្រមទាំងការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្ត EV ក្នុងស្រុក ដើម្បីនៅតែជាមជ្ឈមណ្ឌលរថយន្តក្នុងតំបន់។ ការវិនិយោគបរទេសថ្មីៗ ត្រូវបានគេរំពឹងថា នឹងជំរុញសេដ្ឋកិច្ចថៃកើនឡើង ២.៨ភាគរយនៅឆ្នាំនេះ ទាបជាងការព្យាករណ៍ពីមុន ដោយសារការនាំចេញទន់ខ្សោយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

