លោក ម៉ាក្រុង៖ បារាំងនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ

ប៉ារីស៖ មេដឹកនាំបារាំង នៅថ្ងៃទី២៤ ខែកញ្ញា បានថ្លែងថា បារាំងនឹងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនីហ្សេភ្លាមៗ ហើយបន្ទាប់មកគឺក្រុមយោធាក្នុងរយៈពេលប៉ុន្មានខែទៀត ក្រោយកើតមានរដ្ឋប្រហារនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅក្នុងបទសម្ភាសន៍មួយថា បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូត និងបញ្ចប់កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយនីហ្សេ ហើយកងទ័ពបារាំងនឹងដកចេញពីប្រទេសនេះក្នុងពេលប៉ុន្មានសប្តាហ៍ ឬខែខាងមុខ ហើយការដកចេញទាំងស្រុងគឺនៅចុងឆ្នាំនេះ។

ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ យើងនឹងពិគ្រោះជាមួយពួកអ្នកក្បត់ ពីព្រោះយើងចង់ឱ្យរឿងនេះធ្វើឡើងដោយសន្តិវិធី។ បារាំងបានរក្សាទាហានប្រហែល ១.៥០០នាក់នៅក្នុងប្រទេសនីហ្សេ ជាផ្នែកមួយនៃការដាក់ពង្រាយប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដនៅក្នុងតំបន់ Sahel។

សូមបញ្ជាក់ថា Sahel ដែលជាតំបន់ក្រីក្រស្ថិតនៅភាគខាងត្បូងនៃតំបន់វាលខ្សាច់សាហារ៉ាបានទទួលរងនូវអ្វីដែលមេដឹកនាំបារាំង កាលពីមុនបានហៅថា ជា “ជំងឺរាតត្បាត” នៃរដ្ឋប្រហារក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងរបបយោធាជំនួសរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងហ្គីណេ ក៏ដូចជានីហ្សេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner