សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក រៀបចំកម្មវិធីអង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ

ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក Silicon Valley នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានសហការរៀបចំកម្មវិធី “អង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ដើម្បីជាដំណើរការឆ្ពោះទៅរកការពង្រីកទីផ្សារនៅក្រៅប្រទេស។

កម្មវិធី “អង្គរ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ជាវេទិកាដ៏មានសក្តានុពលមួយសម្រាប់បង្ហាញធុរកិច្ចថ្មី ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានផែនការពង្រីកទីផ្សារក្នុងតំបន់។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំវិនិយោគិន និងអ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាពមកចែករំលែក ចូលរួមពិភាក្សាស៊ីជម្រៅ និងស្វែងរកដំណោះស្រាយនៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុងលូតលាស់នៅកម្ពុជា ឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មីអាចបោះជំហានពង្រីកទីផ្សារនៅថ្នាក់តំបន់។

ព្រឹត្តិការណ៍នេះដែរ គឺជាពិព័រណ៍អន្តរជាតិលើកទី២ របស់កម្មវិធីអង្គរ៥០០ ដែលជាវេទិកាផ្តល់ជូនអ្អ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិនៅក្នុងវិស័យធុរកិច្ច អ្នកជំនាញផ្នែកវិនិយោគ និងស្ថាបនិកដែលបានទទួលប្រាក់វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពី ទិដ្ឋភាពរួមនៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះផ្តោតសំខាន់លើប្រធានបទដូចជា និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរកនៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅពេលស្វែងរកទុនវិនិយោគ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែ បានមានប្រសាសន៍ថា អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេសឥឡូវនេះ មានឱកាសបានឃើញធុរកិច្ចថ្មីផ្សេងៗគ្នា ដែលក្រុមហ៊ុនទាំងនោះ លេចឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ធុរកិច្ចថ្មីអាចមានលទ្ធភាពអាចទទួលបានមូលនិធិ និងជំនួយបច្ចេកទេសដែលពួកគេត្រូវការដោយចូលរួមនៅក្នុងកម្មវិធីមួយនេះ។
ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍សម្រាប់ថ្ងៃនេះ បានដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្ហាញពីសក្តានុពលវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា តាមរយៈគម្រោងអង្គរ៥០០ សហគ្រិនខ្មែរសម្រេចបាននូវគោលបំណងចំនួន ៤ រួមមាន៖ ១.បង្កើតធុរកិច្ចថ្មី ២.ពន្លឿនធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់កម្រិតអន្តរជាតិដោយប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ក្រុមហ៊ុន ៥០០ Global បណ្តាញអ្នកវិនិយោគ និងអ្នកណែនាំ ៣.បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ VCs ក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានទៅរកទុនវិនិយោគ និង៤.បង្កើតប្រព័ន្ធអេកូឡូស៊ី នៃការចាប់ផ្តើមអាជីវកម្មដ៏រស់រវើក ដោយលើកកម្ពស់ការផ្ទេរចំណេះដឹង តាមរយៈការណែនាំ និងសកម្មភាពសហគមន៍ផ្សេងទៀត៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner